ព័ត៌មានជាតិ

សម្ដេចធិបតី ៖ អាជ្ញាធរមូលដ្ឋាន ត្រូវចលនាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វ​ជាលក្ខណៈគ្រួសារ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព និងធានាឱ្យមានប្រភពស្បៀងអាហារ ចម្រុះមុខច្រើនជាងមុន។

តាមរយៈសារលិខិត​ ក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ នាថ្ងៃ៦ វិច្ឆិកា ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ» សម្ដេចធិបតី បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកការស្រាវជ្រាវ និងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ផ្ដោតលើការធ្វើពិពិធកម្មកសិកម្ម ផលិតកម្មស្បៀងអាហារដែលសម្បូរសារជាតិចិញ្ចឹម និងការពារផលិតផល ស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់ប្រជាជន។

សម្ដេច បន្ដថា ក្រសួងបរិស្ថាន ត្រូវបន្តអនុវត្ត និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ជីវភាព និងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូលដ្ឋាន តាមរយៈ «អភិរក្ស និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ប្រកបដោយចីរភាព និងអភិវឌ្ឍគាំទ្រសហគមន៍អេកូទេសចរណ៍» ដោយរៀបចំឱ្យមានសហគមន៍អេកូទេសចរណ៍ ផ្តល់សេវាល្អ ចងក្រងរបៀងសហគមន៍អេកូទេសចរណ៍ តាមរយៈការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើនការងារបៃតងផ្សេងៗទៀត តាមសហគមន៍មូលដ្ឋាន និងបន្តជំរុញយុទ្ធនាការដាំដើមឈើមួយលានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ព្រមទាំងជំរុញ ការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និង ជំរុញឱ្យមានកំណើនបៃតង ធានាឱ្យមានការការពារបរិស្ថាន និងសេវាប្រព័ន្ធបរិស្ថាននិងប្រព័ន្ធស្ទៀង។

សម្ដេច បន្ថែមថា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមាន លទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ ជួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ការផ្ដល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែសម្រាប់ស្ដារការដាំដុះឡើងវិញ ក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានានិងជំរុញការដាំដុះបន្លែមានសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូល និងប្រាក់សន្សំ។

សម្ដេច បញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ» ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែចង្វាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្រសួងផែនការត្រូវសហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីរៀបចំគោលនយោបាយអាហារបញ្ចូលមីក្រូសារជាតិ និងបន្តផ្សព្វផ្សាយពីសារៈសំខាន់ន ការប្រើប្រាស់អាហារបញ្ចូលមីក្រូសារជាតិឱ្យបានទូលំទូលាយ និងពង្រីកការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ជាសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន»៕

To Top