ព័ត៌មានជាតិ

បុណ្យសមុទ្រឆ្នាំនេះ ធ្វើឡើង នៅខេត្តកែបចាប់ពីថ្ងៃទី១-៣​ធ្នូក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១-២-៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ នៅខេត្តកែប។

តាមរយៈលិខិតរបស់ គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា «ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹងសាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍ នៅថ្ងៃទី១-២-៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប»។

ប្រភពដដែលបន្ដថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការ នូវពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នៅទី២ ខែធ្នូ ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ មានសកម្មភាពសំខាន់ៗសម្រាប់ ការទស្សនា និងកម្សាន្ត ដូចជា៖ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣។ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ តំបន់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានាផងដែរ៕

To Top