ព័ត៌មានជាតិ

សម្តេចធិបតី៖ អាជ្ញាធរមូលដ្ឋាន ត្រូវការ ការជួយ៣

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា អាជ្ញាធរមូលដ្ឋាន ត្រូវការ ការជួយ៣ គឺប្រគល់សិទ្ធិ , ការផ្តល់លទ្ធភាព និងការជួយគាំទ្រ បង្កើនសមត្ថភាព ។

សម្តេចធិបតីពន្យល់ថា “រដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិនឹងបន្តជួយ នៅក្នុងកិច្ចការងារនេះ ទី១ ការផ្តល់ សិទ្ធិ យើងបានផ្ទេសិទ្ធិទៅហើយ ប្រគល់ដាវទៅឲ្យ កាលមុនយើងបានប្រគល់ដាវ ទៅដល់រដ្ឋបាលថ្នាក់រាជធានី-ខេត្ត ឥឡូវយើងទៅស្រុក ក្រុង តែក៏អាចទៅដល់ឃុំ សង្កាត់ ចឹងទៅមុខទៀត ។ យើងត្រូវខិតខំ ធ្វើម៉េចបង្កើតសិទ្ធិ ជាពិសេសសិទ្ធិនៅក្នុងការដោះស្រាយបញ្ហា ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដើម្បីបង្ខិតឲ្យជិត ឲ្យគាត់ដឹង ព្រោះមូលដ្ឋាន ដូចនិយាយចឹង គាត់ជាអ្នកដឹង ថាប្រជាពលរដ្ឋ ចង់បានអី ហើយរឿងនឹងកើតនៅកន្លែងណា ហើយរូបមន្តណាដែលដោះចេញ នៅក្នុងក្របខណ្ឌបន្ទាត់មួយដែល យើងផ្តល់សិទ្ធិជូនគាត់នៅក្នុងការដោះស្រាយ ព្រោះវាត្រូវការភាពបត់បែន អត់ត្រូវការរូបមន្តមួយរឹងគំព្រឹស ដែលត្រូវថា ដាក់ពីលើទៅ ត្រូវតែអនុវត្តតាមរហូតទេ” ។

សម្តេចបន្តថា “ជាក់ស្តែងនៅជំនាន់កូវីដ១៩ យើងឃើញហើយ រូបមន្តនៅភ្នំពេញមួយទៅ រូបមន្តនៅតាមខេត្តជាប់ព្រំដែនមួយទៅ រូបមន្តនៅតាមខេត្តមួយចំនួន ដែលកន្លែងណាមានពេទ្យច្រើនគ្រប់ យើងធ្វើរូបមន្តដោះស្រាយមួយទៅ កន្លែងណាដែលខ្វះ យើងច្នៃប្រឌិតបែបម៉េច ទីបំផុតយើងសម្រេចបានភារកិច្ចជោគជ័យ ទាន់ពេលវេលា ការពារប្រជាពលរដ្ឋយើង គ្រោះទឹកជំនន់ប៉ុន្មានខែនេះ ឃើញគណៈអភិបាលខេត្ត-រាជធានី បានធ្វើការងារនេះ ដោះស្រាយបានទាន់ពេល ហើយទៅមុខទៀត បញ្ហាជាច្រើនទៀត មិនមែនតែទឹកជំនន់ គ្រោះមហន្តរាយនោះទេ សេវាសាធារណៈ និងការដោះស្រាយផ្សេងៗ ការទប់ស្កាត់ជាមួយនឹងល្បែងស៊ីសង បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ក៏បានត្រូវធ្វើ ចឹងការធ្វើប្រតិភូកម្ម និងការផ្ទេសិទ្ធិនេះ គឺត្រូវបន្ត” ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ការជួយផ្តល់លទ្ធភាព តាមរយៈការផ្តល់ថវិកា ពីថ្នាក់ជាតិទៅក្រោមជាតិ ជាបន្តបន្ទាប់ និងការផ្តល់ការគាំទ្រ ការពង្រឹងមន្ត្រី សមត្ថភាពមន្ត្រី ក៏ដូចជាការជួយពង្រឹងស្ថាប័នថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ទាំងអស់នេះ ពេលខ្លះត្រូវការ ការជំនួយបច្ចេកទេសដំបូង ពីថ្នាក់កណ្តាល ដើម្បីជួយ ហើយកិច្ចការងារនេះ គឺក្រសួងស្ថាប័នជាច្រើន បានធ្វើការហើយ ហើយត្រូវបន្តទៅទៀត ៕

To Top