ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងករណីធ្វើឲ្យបែកធ្លាយវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាចេតនានយោបាយអាក្រក់ ដើម្បីបន្ទោសបង្អាប់ដំណើរការប្រឡង ខណៈក្រសួង ប្ដេជ្ញាមិនឲ្យបែកធ្លាយ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសា នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នាថ្ងៃ៦ វិច្ឆិក នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាលើកទី១០ហើយ នៃការធ្វើកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយធ្វើយ៉ាងមិនឲ្យបែកធ្លាយវិញ្ញាសាប្រឡង និងមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់។
លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «សូម្បីអ្នកថតចម្លងវិញ្ញាសាក៏មិនបានឃើញវិញ្ញាសាដែរ គឺថតផ្កាប់រហូតហើយច្រក និងដឹកជញ្ជូនពោលគឺថា ប្រតិបត្តិករមិនបានដឹងដែរ គឺមានតែអ្នកតាក់តែងវិញ្ញាសាប្រឡងទេដឹង។ អីចឹងនៅពេលមានព័ត៌មានថា មានបែកធ្លាយវិញ្ញាសាក្រសួងធ្វើការបដិសេធភ្លាម បើសិនមានការបឬកធ្លាយ នេះអាចថាជាចេតនានយោបាយអាក្រក់អីក៏បានដែរ ដើម្បីបន្ទច់បង្អាក់ ប៉ុន្តែសំខាន់ត្រូវគិតថា តើធ្វើនេះវាមិនមានផលចំណេញអ្វីដល់យុវជនយើងទេ យុវជនត្រូវការសិក្សារៀនសូត្រធ្វើយ៉ាងម៉េចលើកទឹកចិត្តឲ្យគាត់ខំប្រឹងរៀន មិនត្រូវឲ្យគាត់ទៅប្រឹងរកវិញ្ញាសាដែលបែកធ្លាយ ឬទៅហ្វូតូកូពីដែលជាទម្លាប់លើកមុនៗនោះទេ»។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា មិនមានការបែកធ្លាយវិញ្ញាសាទេ ដោយសារមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)។ បេក្ខជនត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស៕