ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងភាគីរដ្ឋសភាចិនបេ្តជ្ញារួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសឈានទៅសម្រេចឲ្យបាន នូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំ ប្រទេសទំាងពីរបានដាក់ចេញ។
ការប្តេជ្ញានេះខណៈលោក លូវ ឈីនជៀន ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយសម្តេច ឃួន សុដារី នាព្រឹកថ្ងៃ៦ វិច្ឆិកា ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាចំណងមិត្តភាពគំរូមួយ ដែលចិនជាប្រទេសមហាអំណាច សេដ្ឋកិច្ចមានពលរដ្ឋជាង ១,៤០០លាននាក់ បានចងសម្ព័ន្ធភាពជាមួយកម្ពុជាដែលមានពលរ ដ្ឋប្រមាណ១៧លាននាក់។ ចំណងមិត្តភាពនេះ មានភាពស្មោះត្រង់ ជឿជាក់ គោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព និងឯករាជ្យភាព ព្រមទាំងបានផ្តល់ផលប្រយោជន៍ ជូនប្រទេសជាតិនិងពលរដ្ឋទំាងសងខាង។
ប្រធានរដ្ឋសភាគូសបញ្ជាក់ “ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ខ្ញុំចង់ឃើញវឌ្ឍនភាពបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាព និងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ។
ចំណែកលោក លូវ ឈីនជៀន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិកាន់តែរឹងមាំឡើង ស្របតាមកិច្ចព្រមព្រៀងរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជានិងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ។ លោក លូ ឈីនជៀន ក៏បានសំណូមពរដល់សភាប្រជាជនចិនទូទាំងប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង រដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយផងដែរ ៕