ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

ភ្នំពេញ ៖ លោក សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តលើកទី១ នៃខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាពិសេសឲ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបន្តពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាល តាមបណ្តាខេត្ត ដើម្បីជួយពាំនាំ និងគាំទ្រផ្នែកបណ្តុះបណ្តាល បច្ចេកទេស និងបំពេញតម្រូវការតាមស្ថានភាពជាក់ស្តែង។

រដ្ឋមន្រ្តីក៏បានលើកសរសើរដល់ មន្រ្តីសុខាភិបាលនៅតាមមូលដ្ឋាន មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ជាពិសេសមណ្ឌលសុខភាពដែលផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងឱកាសដែលឆ្លៀតចុះពិនិត្យនៅមណ្ឌលសុខភាពចុងកាល់ និងមណ្ឌលសុខភាព ដូនកែន ខេត្តឧត្តរមានជ័យ ដែលមានមន្ត្រីសុខាភិបាល នៅរង់ចាំបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ។ រដ្ឋមន្រ្តីបានណែនាំដោយត្រូវពង្រឹងការងាររដ្ឋបាល ក្នុងនោះការពង្រឹងសេវាច្រកចេញចូលតែមួយ គឺត្រូវពង្រឹងឲ្យមានប្រសិទ្ធភាពត្រឹមត្រូវ និងល្អប្រសើរថែមទៀត។

លោកសាស្រ្តាចារ្យ ក៏បានរំលឹកដល់គ្រប់បុគ្គលិក មន្ត្រីសុខាភិបាល នៅគ្រប់កម្រិត និងទីកន្លែងកុំភ្លេចថែទាំសុខភាពខ្លួនបានល្អ នឹងនៅរក្សាបានសមត្ថភាព ជំនាញថែទាំព្យាបាល និងបន្តបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងប្រកបដោយទំនុកចិត្ត។ កិច្ចប្រជុំនេះដែរ ក៏បានរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid និងមានវត្តមានផ្ទាល់ នៅទីស្តីការក្រសួងសុខាភិបាល ព្រមទាំងវត្តមានតាមបណ្តាខេត្តក្រុង តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលមានការអញ្ជើញចូលរួមដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល៕

To Top