ព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញក្តីរំពឹងថា ៥ ឬ ១០ឆ្នាំទៅមុខទៀត ខេត្តព្រះសីហនុ នឹងប្រែក្លាយទៅជាខេត្តដែលមានប្រជាពលរដ្ឋមានចំណូលខ្ពស់ បើធៀបទៅនឹងខេត្តដទៃទៀត។
នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ កម្មករជាង១ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃ៧ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខេត្តព្រះសីហនុ អាចជាឆ្នាំងបាយ មិនត្រឹមតែចិញ្ចឹមអ្នកខេត្តព្រះសីហនុទេ ប៉ុន្ដែជាថាមពល ជាថ្មមួយ ដែលជំរុញឲ្យសេដ្ឋកិច្ចកាន់តែច្រើនលឿន ហើយសំខាន់ណាស់»។
សម្ដេចធិបតីលើកឡើងទៅ បណ្ដារដ្ឋនានា នៅសហរដ្ឋអាមេរិកថា គ្រាន់តែរដ្ឋគេមួយ សេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោក ដូច្នេះសម្ដេចថា បើគ្មានស្ថិរភាព គ្មានគោលនយោបាយត្រឹមត្រូវនោះទេ គឺអត់ទៅមុខឡើយ ដូចនេះសម្ដេចសង្ឃឹមថា “៥ ឬ១០ឆ្នាំទៅមុខទៀត ខេត្តព្រះសីហនុ នឹងជាខេត្តនាំមុខគេមួយក្នុងកំណើនសេដ្ឋកិច្ច។ អ្នកខេត្តព្រះសីហនុ ដែលពេលមុនគេហៅថា អ្នកកំពង់សោមអ្នកមាននោះ ក៏មិនខុសពីហ្នឹងដែរ អាចក្លាយជាខេត្ត ប្រជាជនមានចំណូលខ្ពស់ ប្រៀបធៀបទៅនឹងខេត្តផ្សេងៗ ។ នេះជាគោលការណ៍ដែលយើងចង់បាន»។
សម្ដេចធិបតីក៏ប្ដេជ្ញាថា នឹងប្រែក្លាយខេត្តព្រះសីហនុពីដុំពេជ្រមិនទាន់កែច្នៃ ទៅជាពេជ្រច្នៃហើយ អាចប្រើប្រាស់បានច្រើនមុនគេ ដើម្បីផ្ដល់ជូនប្រជាជនកាន់តែច្រើនឡើង៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
