ព័ត៌មានជាតិ

មន្រ្តីក្រសួង សុខាភិបាលជិត២ពាន់នាក់ ទទួលការបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើបឋកថាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៥» ចំនួន១,៨៣០នាក់។

បឋកថានេះ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្ត អាទិភាព១ ក្នុងចំណោម៣ ដែលក្រសួងបានដាក់ចេញ គឺការពង្រឹងស្ថាប័ន តាមរយៈការបណ្តុះបណ្តាល លើភាពជាអ្នកដឹកនាំ ដើម្បីជាជំនួយដល់ថ្នាក់ដឹកនាំឲ្យមានជំនាញ ច្បាស់លាស់ ក្នុងការសម្រេចចិត្ត ។

មេរៀនក្នុង សប្តាហ៍នេះ គឺជាគន្លឹះសំខាន់ទី២ សម្រាប់ដោះស្រាយបញ្ហាស្រប ជាមួយនឹងគោលបំណង ៥ចំណុចសំខាន់ៗដូចជា៖ ១) ការញែក ដាច់ពីគ្នា រវាងវិធីសាស្រ្ត កំណែទម្រង់ ដែលមាន ដំណោះស្រាយ បានកំណត់ជាក់លាក់ជាមុន ធៀបទៅនឹងវិធីសាស្រ្ត ដែលព្យាយាមដោះស្រាយបញ្ហា ២) ការលើកឡើង និងការកំណត់អាទិភាព បញ្ហាទាំងឡាយ ដែលចង់ផ្តោតដោះស្រាយ ៣) ការបំបែកបញ្ហាដែលសំខាន់បំផុត ក្នុងចំណោមបញ្ហាតូចៗ ទាំងឡាយ ទៅជាសមាសធាតុ គន្លឹះនានា ៤) ការកំណត់មនុស្ស ឬបុគ្គលសក្តានុពល ដែលជាប់ពាក់ព័ន្ធសំខាន់ ជាមួយបញ្ហាទាំងនោះ រួមទាំងកំណត់ថា បុគ្គលណាមួយដែលជាប់ពាក់ព័ន្ធសំខាន់ជាងគេ ៥) ត្រូវចេះវាស់វែងពីទំហំបញ្ហា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត ដែលអាចនឹងបញ្ចុះបញ្ចូល អ្នកដឹកនាំមួយចំនួន ឲ្យមានការយកចិត្តទុកដាក់បន្ថែម។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ ប្រធានមន្ទីរសុខាភិបាល រាជធានី-ខេត្ត ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top