ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញបំណងចង់ឃើញ ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត លេចចេញជាលទ្ធផល សម្រាប់នីតិកាលទី៧នេះ។
ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានលើកឡើងថា «បន្ថែមពីលើ គម្រោងសំខាន់ៗ ផ្សេងទៀត គឺគម្រោងសិក្សាសមិទ្ធិលទ្ធភាព ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏ជាអាទិភាពមួយ ដែលលោក ស៊ុន ចាន់ថុល បានអំពាវនាវឱ្យក្រុមហ៊ុនពន្លឿន កិច្ចការងារសិក្សា ដើម្បីអាចឈាន ទៅនីតិវិធី បន្តបន្ទាប់ទៀត សំដៅយ៉ាងណា អាចឱ្យគម្រោងនេះ ចេញជាលទ្ធផល សម្រាប់នីតិកាលទី៧នេះ» ។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ។
ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាព ទទួលនិស្សិតពីវិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូនឱ្យចូលបម្រើការងារ ក្នុងក្រុមហ៊ុន CRBC បានផងដែរ។
ជាមួយគ្នានេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧ កិច្ចការងាររៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត សុទ្ធសឹងតែជាគម្រោង ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដែលលោក ស៊ុន ចាន់ថុល បានស្នើសុំជំរុញពន្លឿន កិច្ចការងារអនុវត្តលើគម្រោងការងារ ទាំងនេះបន្ថែមទៀត ៕