ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ស្នើចិន ជំរុញអ្នកជំនាញ មកសិក្សាបញ្ចប់លើគម្រោង «ព្រែកជីកហ្វូណនតេជោ»

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ភាគីចិន តាមរយៈ លោក វ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ​ឱ្យជំរុញអ្នកជំនាញរបស់ចិន ឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សា សមិទ្ធិលទ្ធភាពលម្អិត ឱ្យបានហ្មត់ចត់ និងឆាប់រហ័ស លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ។

ការស្នើនេះ ធ្វើឡើងក្នុងឱកាស លោក ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញឱ្យឃើញអំពីបច្ចុប្បន្នភាព នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧,៥០គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ ។

គម្រោងសាងសង់ផ្លូវថ្នល់ ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៦៧៥.៨៧លានដុល្លារ ។

ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។ ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនលោក វ៉ាង វិនធៀន អំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ក្របខ័ណ្ឌ(FA)រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយលោកក៏បានស្នើជំរុញ ឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិន ឱ្យបានច្រើនដើម្បីបញ្ចប់សិក្សា សមិទ្ធិលទ្ធភាពលម្អិត ឱ្យបានហ្មត់ចត់ និងឆាប់រហ័ស។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម ទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ត្រូវបានបញ្ចប់ការ សិក្សាសមិទ្ធិលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារអាមេរិក។ តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប៕

To Top