ព័ត៌មានជាតិ

លោក គឹម សន្តិភាព ៖ ការស្នើលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតជាង៩០០នាក់ មិនពិនិត្យលើសវតាទណ្ឌិតជាអ្នកទោសនយោបាយ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើងថា សម្រាប់បុណ្យឯករាជ្យជាតិ៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខ គណៈកម្មការជាតិបានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន៩០២នាក់ ដោយមិនបានពិនិត្យទៅលើសវតានៃទណ្ឌិត ជាអ្នកទោសនយោបាយនោះទេ ប៉ុន្តែពិនិត្យទៅលើអកប្បកិរិយារបស់ពួកគាត់ក្នុងពេលជាប់ពន្ធនាគារប៉ុណ្ណោះ ។

សម្រាប់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន គឺមានអ្នកទោសជាអ្នកនយោបាយរបស់អតីតមន្រ្តី គណបក្សប្រឆាំងសង្គ្រោះជាតិជាច្រើននាក់ ផងដែរ ។

ចំពោះសំណើរខាងលើនេះ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក គឹម សន្តិភាព បានអះអាងថា ចំពោះសំណួរថា មានការលើកលែង និងបន្ធូរបន្ថយទោស ដល់ទណ្ឌិតទាំង៩០២នាក់នេះ មានអ្នកទោសនយោបាយដែរ? លោកមិនអាចឆ្លើយបានទេ ព្រោះមិនបានពិនិត្យទៅលើសវតាជាតិអ្នកទោសជាអ្នកនយោបាយ ឬមិនបាននយោបាយ។ លោកថា “ដោយសារយើងមិនមែន យកចំណុចនេះ(សវតាជាតិអ្នកទោស)ជាកម្មវត្ថុនោះទេ” ។

សម្រាប់ករណីទណ្ឌិតជាអ្នកទោសនយោបាយនេះទៀត អ្នកនាំពាក្យក្រសួងយុត្តិធម៌បានពន្យល់ថា ជាធម្មតាគណៈកម្មការជាតិ មិនបានពិនិត្យទៅលើករណីទណ្ឌិតនីមួយៗមានអាជីពជាអ្វីមួយនោះទេ ។ និយាយរួមលោកថា មិនបានពិនិត្យទៅលើពួកគាត់ជាអ្នកទោសមានអាជីពជាអ្វីទេ ព្រោះអាជីពមិនជាប់ពាក់ព័ន្ធទៅនឹងស្ថាននៃការអនុគ្រោះទោសទេ គឺពិនិត្យពិច័យតែទៅលើការកែប្រែខ្លួន ប្រភេទបទល្មើស និងប្រភេទជនរងគ្រោះជាដើម។

ជាមួយគ្នានេះដែរ លោក គឹម សន្តិភាពបញ្ជាក់បន្ថែមទៀតថា សម្រាប់ទណ្ឌិតទាំង៩០២នាក់នេះ អាចមានម្នាក់ត្រូវបានលើកលែងទោសតែម្តង ដោយសារគាត់មានជំងឺមហារីក ក្នុងដំណាក់កាលទី៤ ដូច្នេះក្នុងនាមមនុស្សធម៌​នឹងស្នើទៅកាន់ប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យរាជរដ្ឋាភិបាលថ្វាយព្រះមហាក្សត្រឲ្យមានការលើកលែងទោស ដើម្បីឲ្យគាត់បានជួបជុំក្រុមគ្រួសារជាលើកចុងក្រោយ ។

លោក គឹម សន្តិភាពបានរៀបរាប់អំពីការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន៩០២នាក់ (ស្រី៦១នាក់)ថា ពិធីបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បញ្ជីទណ្ឌិតចំនួន ៤៦៤ នាក់ (ស្រី ៣៤ នាក់) រួមមាន ៖ ស្នើសុំបន្ធូរបន្ថយទោសចំនួន៤៣២នាក់ (ស្រី២៩នាក់) និងស្នើសុំលើកលែងទោសចំនួន៣២នាក់ (ស្រី៥នាក់) ។

សម្រាប់ព្រះរាជពិធីបុណ្យអុំទូកវិញបញ្ជីទណ្ឌិតចំនួន៤៣៨នាក់ (ស្រី២៧ នាក់) រួមមាន៖ ស្នើសុំបន្ធូរបន្ថយទោសចំនួន៤១៨នាក់ ( ស្រី ២៦ នាក់) ស្នើសុំលើកលែងទោស ចំនួន២០នាក់ (ស្រី១នាក់) ៕

To Top