ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូល ដោយអំពាវនាវឲ្យប្រជារាស្រ្តកម្ពុជាគ្រប់មជ្ឈដ្ឋាន រួបរួមសាមគ្គីជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និង កសាងមាតុភូមិលើគ្រប់វិស័យ ។
ក្នុងឱកាសស្ដេចយាងប្រារព្ធពិធីមីទ្ទិញរំលឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃ៩ វិច្ឆិកា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា បុណ្យឯករាជ្យជាតិ ដ៏ឧត្តុង្គឧត្តម ដែលកំពុងប្រព្រឹត្តទៅយ៉ាង មហោឡារិកនេះ ជាទិវារំលឹក ពីឧត្តមគុណបំណាច់ នៃការទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ឈ្លាសវៃរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ “ព្រះករុណាព្រះបរមរតនកោដ្ឋ” ដែលទាំងអស់គា្នចងចាំបានថាជាចលនាមហាសាមគ្គីជាតិ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៥២ ជាព្រះរាជបូជ នីយកិច្ចដើម្បីឯករាជ្យពេញទីនៃកម្ពុជា។
ព្រះមហាក្សត្រទ្រង់ មានបន្ទូលបន្ថែមថា អង្គមីទ្ទិញនាពេលនេះ ជាមហាព្រឹត្តិការណ៍ជាតិ ដ៏មានអត្ថន័យឆ្លើយតប បានយ៉ាងស័ក្តិសមទៅនឹងបេសកកម្ម និងពលិកម្មប្រកបដោយមនសិការជាតិដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ព្រះអង្គតែងតែស្ងើចសរសើរចំពោះភ័ព្វវាសនារបស់មាតុភូមិ និងប្រជារាស្រ្តកម្ពុជាដែលបានរួចចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាម និងទទួលបានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ស្របតាមយន្តការនៃការគ្រប់គ្រង ប្រកបដោយវិចារណញ្ញាណដ៏អស្ចារ្យ ។
ព្រះករុណាទ្រង់បញ្ជាក់ថា រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋមានការប្រែប្រួល មុខមាត់ថ្មីគួរ ឲ្យកោតសរសើរ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មាន កិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ។
ព្រះមហាក្សត្រមានបន្ទូលបញ្ជាក់ថា «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ» ។
ព្រះករុណាមានបន្ទូលទៀតថា តាមរយៈមីទ្ទិញនេះ អាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជា ពិតជានឹង ទទួលបានអនាគត ភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោម ដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបានឯកភាពជាតិដ៏រឹងមាំ ។ ក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្ត នៃព្រះពុទ្ធសាសនា និងក្រោមបារមី ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជាព្រះស្ថាបនិកដ៏ ល្បាញល្បី នៃការកសាង ប្រាង្គប្រាសាទ ដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃ គ្រប់ទិសទី ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា មាតុភូមិ ដែលជាកេរមរតកជាតិ ដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ពិតជាពុំអាចមានសត្រូវណាមួយ រំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ ៕