ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការបង្រួបបង្រួមជាតិ ជាអ្វីដែលរកដោយលំបាកបំផុត ដែលយើងអ្នកជំនាន់ក្រោយត្រូវ ថែរក្សាឲ្យបាន

រូបភាព ម៉ៅ ដារ៉ាត់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការបង្រួបបង្រួមជាតិគឺ ជាអ្វីដែលរកដោយលំបាកបំផុត ដែលគ្រប់គ្នា ជាអ្នកជំនាន់ក្រោយត្រូវតែថែរក្សាឲ្យបាន ក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃ ១០ វិច្ឆិកា សម្តេចធិបតីគូសបញ្ជាក់ថា «សម្រាប់ថ្ងៃនេះយើងឧទ្ទិស សមិទ្ធផលដល់វីរៈជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋាន កងទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិ ក៏ដូចជាការស្វែងរកនូវសន្តិភាព ការបង្រួមបង្រួមជាតិ មកដល់សព្វថ្ងៃ ។ ដូច្នេះសន្តិភាព ការបង្រួបបង្រួមជាតិគឺ ជាអ្វីដែលរកដោយលំបាកបំផុត ដែលយើងអ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាឲ្យបានក្នុងកាលៈទេសៈណាក៏ដោយ»។

ឆ្លៀតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៨ ដែលជាថ្ងៃបង្កើត បញ្ជាការដ្ឋាន កងទ័ពពិសេសនេះ សម្តេចធិបតីក៏ បានបញ្ជាក់ពីសារៈសំខាន់ របស់កងទ័ពពិសេសថា “អាចមានសមត្ថភាពមួយ ក្នុងការឆ្លើយតបយ៉ាង ឆាប់រហ័សនិងទាន់ពេលវេលា” ។

ជាមួយគ្នានេះ សម្តេចធិបតីសង្ឃឹមថា កម្ពុជានឹងលែងមានការប្រយុទ្ធទ្រង់ទ្រាយធំ ដូចជាជំនាន់មុនទៀតឡើយ ប៉ុន្តែចំពោះការគម្រាមគំហែង អសន្តិសុខក្នុងពិភពលោកនឹងនៅតែបន្ត បើគ្រប់គ្នាធ្វេសប្រហែស ស្របពេលសង្គ្រាម នៅលើសកលលោកនៅតែកើតមាន។

សម្តេចថា ជាក់ស្តែងបញ្ហាទាក់ទងនឹង ការប្រឆាំងភេវកម្ម ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹង គ្រោះមហន្តរាយនៅ នឹងក្លាយទៅជាឧទាហណ៍ចំនួននៃសមរភូមិ បែបថ្មីនៅក្នុងសត្សវត្សទី២១នេះ៕

To Top