ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យពង្រឹងការអភិវឌ្ឍ តាមខ្សែបន្ទាត់ព្រំដែនដែលជាឧបករណ៍ នៃការការពារជាតិ

រូបភាពពី៖​ ដើមអម្ពិល

ភ្នំពេញ ៖ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពង្រឹងការអភិវឌ្ឍ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះដែលជាឧបករណ៍មួយនៃការការពារជាតិ ។

ការថ្លែងរបស់សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាថ្ងៃ១០ វិច្ឆិកា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ““ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី”។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រីថា ជាមួយនឹងការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន និង ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឲ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឲ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា និងការបង្កើតសាលាទ័ពជំនាញ ព្រមទាំងការពិនិត្យមើល ការរៀបចំយន្តការមួយ ដែលធានាប្រសិទ្ធភាព និងគុណភាពនៃឯកសារ បណ្តុះបណ្តាល ដើម្បីធានានូវភាពម្ចាស់ការ ហើយជាកិច្ចការដែលយើងបាន និងកំពុងបន្តធ្វើ។ ចំពោះទំនើបកម្មគ្រឿងបំពាក់ គឺត្រូវយកចិត្តទុកដាក់លើទីលានហ្វឹកហ្វឺន ដែលត្រូវមានលក្ខណៈសមរម្យ ហើយបើចាំបាច់ត្រូវរៀបចំទីលានមួយរួមគ្នា សម្រាប់អង្គភាពច្រើន៕

To Top