ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ គឺបន្ដប្រកាន់ភ្ជាប់នូវគោលការណ៍ «ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។
នាឱកាសអញ្ជើញអធិបតីក្នុងកម្មវិធី «វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩» នៅព្រឹកថ្ងៃ១៣ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា «រាជរដ្ឋាភិបាល នីតិកាលទី៧ មានភារកិច្ចបន្តថែរក្សានូវសមិទ្ធផលចាស់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំមកនូវវិបុលភាពរួមដល់ជាតិមាតុភូមិទាំងមូល។ ជាមួយនឹងភារកិច្ចដល់ធំធេងនេះ រាជរដ្ឋាភិបាល នៅប្រកាន់ភ្ជាប់នូវគោលការណ៍ ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។
នាឱកាសនោះដែរ សម្តេចធិបតីឲ្យដឹងទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ មានដូចជា៖
១-ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល។
២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។
៣-ការធ្វើនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន។
៤-ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
៥-ការដាក់ចេញយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។
៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាព កសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕