ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាបឋមពីផលប៉ះពាល់ និងការខូចខាតដោយទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធការងារទឹកឆ្នាំ២០២៣ និងស្វែងរកដំណោះស្រាយបន្ទាន់ជំនន់ស្ទឹងព្រែកត្នោត ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កិច្ចប្រជុំបានផ្តោតការពិភាក្សាលើបីចំណុច គឺ ទី១)តំបន់លិចទឹកដោយកត្តាធម្មជាតិជាប្រចាំ ទី២)តំបន់លិចទឹកដែលអាចកាត់បន្ថយតាមរយ:ការស្តារនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងទី៣)តំបន់លិចទឹកដែលបណ្តាលមកពីការអភិវឌ្ឍ និងផែនការយុទ្ធសាស្រ្តក្នុងការដោះស្រាយ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀងឆ្នាំ២០២៣ បានបណ្តាលឱ្យខេត្តចំនួន១៤ ទទួលរងនូវផលប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម័្ពន្ធការងារទឹក ក្នុងនោះខេត្តចំនួន១១ បានធ្វើការវាយតម្លៃពីការខូចខាតប្រព័ន្ធធារាសាស្រ្ត និងការបាក់ស្រុតច្រាំងទន្លេ ឬស្ទឹង។
លោករដ្ឋមន្ត្រីបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធការងារទឹក និងប្រព័ន្ធធារាសាស្រ្តសំខាន់ៗក្នុងអាងស្ទឹង ដូចជា អាងស្តុកទឹកតាសាល អាងស្តុកទឹកពាមល្វា-អូរតោង ទ្វារទឹករលាំងជ្រៃ អាងស្តុកទឹកអូរកូនត្រុំ សំណង់ទ្វារទឹកមេ ៧មករា បានដើរតួយ៉ាងសំខាន់ក្នុងការស្តុកទឹក ការគ្រប់គ្រង និងការបង្វែរទឹកពីស្ទឹងព្រែកត្នោត ដែលតែងតែយាយីភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
លោករដ្ឋមន្ត្រីបានណែនាំអង្គប្រជុំឱ្យពិភាក្សានិងចាត់វិធានការដោះស្រាយកាត់បន្ថយគ្រោះទឹកជំនន់នៅតាមមូលដ្ឋានជាក់ស្តែងដោយឈរលើទិដ្ឋភាពចំនួនបី ទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពសេដ្ឋកិច្ចសង្គម។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយមត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែក និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់អនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសន្តិសុខនិងសុវត្ថិភាពទឹកជូនប្រជាពលរដ្ឋ ជាពិសេស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល៕