ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា-វៀតណាម ប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន ឈានទៅរក្សាឲ្យបានទំនាក់ទំនងដ៏ល្អផូរផង់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដើម្បីនាំមកនូវការរីកចម្រើនដល់កងទ័ព និងរក្សាឲ្យបាននូវទំនាក់ទំនងដ៏ល្អផូរផង់ ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងនាយឧត្តមសេនីយ៍ ទៀ សីហា និងនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង កាលពីថ្ងៃ១៣ វិច្ឆិកា នៅក្រសួងការពារប្រទេសវៀតណាម ដោយបានធ្វើពិធីត្រួតពលកងកិត្តិយសត្រែទ័ព កងទ័ពប្រជាជនវៀតណាម ។

ក្នុងជំនួបទ្វេភាគីនេះដែរ រដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-វៀតណាម ដើម្បីនាំមកនូវការរីកចម្រើនដល់កងទ័ពទាំងពីរ និងរក្សាឲ្យបាននូវទំនាក់ទំនងដ៏ល្អផូរផង់រវាងកងទ័ព និងប្រជាជននៃប្រទេសកម្ពុជា-វៀតណាមកាន់តែល្អប្រសើរ

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង នាយឧត្តមសេនីយ៍ ទៀ សីហា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២-១៤ វិច្ឆិកា ៕

To Top