ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឲ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតំបន់ជិតរោងចក្រ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ រៀបចំបង្កើតនូវទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ជិតរោងចក្រ នៅទូទាំងប្រទេស ។

សម្តេចធិបតីណែនាំបែបនេះក្នុងពិធីប្រកាស ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំ ក៏បានណែនាំ ឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ សហការជាមួយក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីវិនិយោគលើការរៀបចំបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ជិតរោងចក្រ ដើម្បីចូលរួមចំណែកក្នុងការជួយសម្រាល់បន្ទុកដល់កម្មករ កម្មការិនី ដែលមានកូននៅក្នុងបន្ទុក»។

សម្រាប់សម្តេចនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ ផ្តល់សារៈសំខាន់ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ និយោជិត ក្នុងការថែទាំសុខភាពកូនៗរបស់ពួកគេ និងទទួលបានការបណ្តុះបណ្តាលថ្នាក់មត្តេយ្យដែលស្ថិតក្បែរផ្ទះរបស់ពួកគេ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតថា បញ្ហាសុខភាពត្រូវគិតគូរតាំងពីដើមទីទៅ ពោលតាំងពីមុនកើត និងក្រោយកើត ដើម្បីធានាកុមារកម្ពុជា មានសុខភាពល្អ។ សម្តេចធិបតីអះអាងថា នៅពេលមានទារកដ្ឋាន គឺទារកដ្ឋាននេះ នឹងរួមចំណែកយ៉ាងខ្លាំងទាំងលើបញ្ហាសុខភាព ក៏ដូចជា បញ្ហាហូបចុក ហើយពិសេសនេះ គឺទារកដ្ឋាន នឹងផ្តល់អាហារូបត្ថម្ភផ្សេងៗទៀតដល់ទារកដែលទើបនឹងកើត។

ដោយឡែក សម្រាប់ការអប់រំវិញ សម្តេចធិបតីយល់ស្រប នឹងការអះអាងរបស់ ក្រសួងអប់រំថា នៅពេលដែលកុមារបាន ឆ្លងកាត់មត្តេយ្យសិក្សាមុន គឺពួកគេនឹងឆាប់យល់ និងឆាប់ចាប់បាននៅពេលឈានចូលទៅសិក្សានៅកម្រិតផ្សេងៗទៀត៕

To Top