ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់នៅថ្ងៃ ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ។
លោក រដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ដោយមានអ្នកចូលរួមសរុបប្រមាណ២ពាន់នាក់។
លោករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះគឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ភាគច្រើនដែលចង់ចូលជាសមាជិក ប.ស.ស. ក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើនដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ « ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព ក្នុងចិត្តបងប្អូនកម្មករនិយោជិត ដោយអាចជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន»។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលទទួលមរណភាព។
បន្ថែមលើសនេះ លោករដ្ឋមន្រ្តីបានលើកឡើងថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះនឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជនសរុបប្រមាណជាង ៥លាននាក់។
លោករដ្ឋមន្រ្តី បានលើកឡើងថា កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ សម្តេចធិបតី ក៏បានដាក់ឱ្យដំណើរការនូវរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាល ជូនគ្រួសារងាយរងហានិភ័យ នឹងមានវិសាលភាពគ្របដណ្តប់ ប្រមាណ ៤៩ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៨លាននាក់ បន្ថែមទៀត ដែលនឹងធ្វើឱ្យផ្នែកថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល នឹងគ្របដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង ៤លាននាក់។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ជារួមការដាក់ឱ្យអនុវត្តកម្មវិធីទាំងពីរនេះរួមបញ្ចូលគ្នា នឹងពង្រីកសេវាថែទាំសុខភាពបានដល់ប្រជាជនចំនួនប្រមាណជាង ៩លាននាក់ ដែលដៃគូ និងមិត្តភក្តិជាច្រើនបានកោតសរសើរនិងអបអរសាទរចំពោះការឈានមុខរបស់កម្ពុជាក្នុងការឆ្ពោះទៅរកភាពគ្របដណ្តប់សុខភាពជាសកលនាពេលដ៏ខ្លីខាងមុខផងដែរ។
បន្ថែមលើសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.» នៅពេលនេះគឺជាការឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់បងប្អូនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ឋក្នុងការថែទាំសុខភាពផងដែរ។
សម្តេចធិបតីមានប្រសាសន៍ថា តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិក ឬបងប្អូនប្រជាពលរដ្ឋម្នាក់ជាមធ្យម ត្រូវចំណាយ ២៥០ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយខែ ក្នុងករណី ដែលមិនមាន របបថែទាំសុខភាពនេះ ជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិក ឬប្រជាពលរដ្ឋមួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះ យល់យោបល់ ជាមួយគ្រូពេទ្យញឹកញាប់ ដោយសារនេះ ជាការចំណាយផ្ទាល់ខ្លួន រហូតជួនកាលបណ្ដាយឲ្យខ្លួនឈឺ ដល់ដំណាក់កាលធ្ងន់ធ្ងរ ពិបាកជួយទាន់ពេលវេលា៕