ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច ឲ្យរួមគ្នាផ្តល់សេរីភាព ដល់ជនមានពិការភាព ដើម្បីចាកផុតពីការ កេងប្រវ័ញ្ច ហិង្សា និងរំលោភបំពាន

សៀមរាប ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឲ្យរួមគ្នាផ្តល់សេរីភាព ដល់ជនមានពិការភាព ឲ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារ សុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជន មានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ ។

លោក ឯម ច័ន្ទមករា លើកឡើងដូចនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» ដោយមានការចូលរួមពីអ្នកតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច (Roueida El Hage) ព្រមទាំង លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ជាច្រើនរូបទៀត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរផារ៉ាដាយ។

លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានការពារសិទ្ធិក្នុងការចល័ត ទីផ្ទាល់ខ្លួន របស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាព នៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម ។

ទន្ទឹមនោះដែរ លោក ឯម ច័ន្ទមករា គូសបញ្ជាក់ថា ក្រសួងបានកំណត់ក្នុងច្បាប់ថ្មី នូវអ្វីដែលជាការយកចិត្តទុកដាក់លើបញ្ហានោះគឺ ស្រ្តីគ-ថ្លង់ នៅពេលដែលរងការ រំលោភបំពានផ្លូវភេទនោះ គឺពិបាកក្នុងការរកអ្នកបកប្រែភាសាសញ្ញា ខណៈលោកព្រួយបារម្ភ ខ្លាចជនរងគ្រោះទទួលរង ភាពអយុត្តិធម៌។

លោក ឯម ច័ន្ទមករា ថ្លែងថា «នៅពេលដែលគាត់ទទួលនូវការរំលោភបំពាន ជាពិសេសសេពសន្ថេវៈនោះ អ្វីដែលជាការព្រួយបារម្ភនោះគឺ តើអ្នកបកប្រែនោះគឺគាត់បកប្រែភាសាជនរគ្រោះគថ្លង់មកជាភាសាសម្រាប់មន្រ្តី និងក្រលាបញ្ជីបានយ៉ាងដូចម្តេច។ បើអ្នករៀនភាសាសញ្ញានោះ មិនជាបញ្ហានោះទេ សម្រាប់បញ្ហា គឺឋិតនៅត្រង់ថា ជនដែលមានពិការភាពគ-ថ្លង់នោះ មិនបានរៀនភាសា សញ្ញា ដូចនេះនៅពេល ដែលគាត់មិនបានរៀនភាសាសញ្ញា ទោះបីជាមានគ្រូបកប្រែភាសាសញ្ញា ក៏មិនអាចជួយបានដែរដែរនោះជាបញ្ហា»។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានថ្លែងអរគុណ ចំពោះប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមមានការ ចាប់អារម្មណ៍ទៅលើសំណើ របស់ក្រសួងក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលជាមួយនឹងក្រុមព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង តាមបណ្តាខេត្តផ្សេងៗជាពិសេសមន្រ្តីយុត្តិធម៌។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការអនុវត្តគោល នយោបាយពិការភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗ មួយចំនួន ក្នុងការធានានូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញ របស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម ៕

To Top