ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលី មុនសម្ពោធស្ពាន កោះនរា-កោះពេជ្រ នៅថ្ងៃស្អែក

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចំរើន នៅមុនស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៏កោះនរា និងកោះពេជ្រនឹងត្រូវ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៥វិច្ឆិកាស្អែកនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឲ្យ ប្រើប្រាស់នូវសមិទ្ធផល ដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន ដល់អ្នកប្រើប្រាស់សមិទ្ធិផលទាំងនោះ តែងប្រារព្វនូវពិធីក្រុងពាលី។

ស្ពាននេះ បានដើតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក កាត់បន្ថយការកកស្ទះចរាចរ លើកំណាត់មហាវិថីព្រះនរោត្តម ពីស្ពានអាកាសក្បាលថ្នល់ ចូលមកកណ្តាលក្រុង រួមទាំងអ្នកធ្វើដំណើរពីខណ្ឌច្បារអំពៅ និងបានកាត់បន្ថយការកកស្ទះចរាចរមួយផ្នែកធំ លើកំណាត់ផ្លូវជាតិលេខ១និងផ្លូវជាតិលេខ២ ដែលជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ ។

ស្ពានបេតុង ខ្សែកាបកោះនរា.កោះពេជ្រ សាងសង់ដោយក្រុមហ៊ុនOCIC មានប្រវែង៨២៤ម៉ែត្រ,ទទឹង ២៤ម៉ែត្រកន្លះ,ចែកចេញជា៤គន្លង គឺ២គន្លងសំរាប់រថ យន្ត,១គន្លងសំរាប់ម៉ូតូនិងមួយគន្លងទៀត សំរាប់អ្នកថ្មើជើង ដែលបានបើកដំណើរការសាងសង់ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០ ដោយចំណាយលើការសាងសង់អស់ ប្រមាណ៣៨លានដុល្លារ ៕

To Top