ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួន សម្របសម្រួលដល់ការបើកទូតអារ៉ាប៊ីសាអូឌីត នៅភ្នំពេញ នាឆ្នាំក្រោយ

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានា សម្រាប់ដំណើរការបើកស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងភ្នំពេញ ដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋលេខាធិការ ទទួលជួបលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងជំនួបនោះលោកទូត បានបង្ហាញពីឆន្ទៈដ៏មុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការបរទេសខ្មែរ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-អារ៉ាប៊ីសាអូឌីតកាន់តែរឹងមាំបន្ថែមទៀត ដោយផ្អែកលើសន្ទុះដ៏ល្អកើតចេញពីកិច្ចប្រជុំទ្វេភាគី រវាងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ នាពេលថ្មីៗនេះ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ប្រកបដោយអត្ថន័យលើទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ពាក់ព័ន្ធនឹងភាពចាំបាច់ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងប្រទេសទាំងពីរ ដែលជាវេទិកាសំខាន់មួយសម្រាប់ ស្វែងរកមធ្យោបាយថ្មីនៃសកម្មភាពជាក់ស្តែង ដើម្បីជួយសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ៕

To Top