ព័ត៌មានជាតិ

សម្តេចធិបតី ៖ តំបន់កោះនរា គ្រោងសាងសង់អគារខ្ពស់ជាងគេក្នុងតំបន់ មានកម្ពស់រហូតទៅដល់ជាង៥០០ម៉ែត្រ

រូបភាពម៉ៅ ដារ៉ាត

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃ១៥ វិច្ឆិកា សម្ដេចធិបតីបានថ្លែងថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឲ្យចេញជារូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និងក្រោយមកបានបាក់បាត់រូបរាង ដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។

សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងធ្វើអគារមួយដែលខ្ពស់ជាងគេក្នុងតំបន់ អគារ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងហ្នឹង។ សង្ឃឹមថា បាននឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់នៅក្នុងកម្ពុជា ខ្ពស់ក្នុងតំបន់ថែមទៀត»។

សម្តេចនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា គោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល គឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីកការអភិវឌ្ឍន៍ទៅកាន់ទិសខាងកើតនៃកម្ពុជា៕

To Top