ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាក់ថា ការដាក់ចេញគោលការណ៍ឱ្យជនបរទេស ជួលអចលនទ្រព្យរយៈពេលវែង មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេស

រូបភាព ម៉ៅ ដារ៉ាត

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការដាក់ចេញគោលការណ៍ឲ្យជនបរទេស ជួលផ្ទះរយៈពេលយូរ មិនមែនជាការលក់ផ្ទះ ឬលក់ដី ឲ្យជនបរទេសនោះឡើយ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នាពេលកន្លងទៅ មានអ្នកលើកឡើងអំពីបញ្ហារាជរដ្ឋាភិបាលចង់កែច្បាប់ ដើម្បីផ្ដល់ដីលក់ឲ្យជនបរទេស។ សម្ដេច ថា គោលគំនិតមានការស្នើសុំពិតមែនហើយគោលគំនិតនេះមិនមែនដើម្បីក្បត់ជាតិឡើយ។រាជរដ្ឋាភិបាលមិនបានអនុវត្តឡើយ។

សម្ដេចធិបតី បន្ដថា ការដាក់ចេញគោលនយោបាយជួលផ្ទះ ជួលដីឲ្យជនបរទេសរយៈពេលយូរ ចាប់ពី១៥ឆ្នាំ ទៅ៥០ឆ្នាំ គឺធ្វើឡើងដើម្បីប្រយោជន៍សេដ្ឋកិច្ច។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «អីចឹងយើងផ្ដល់រយៈពេលវែងពី ១៥ ទៅ ៥០ឆ្នាំ ចឹងមិនមែនថា រដ្ឋាភិបាល ធ្វើយ៉ាងនេះ ដើម្បីលក់ដីឱ្យបរទេសនោះទេ គឺលក្ខណៈជួល រយៈពេលវែងនេះហើយ។ ហើយសិទ្ធិនៅតែជាកម្ពុជាដដែល»។

លើសពីនេះ សម្តេចធិបតី បានឲ្យដឹងទៀតថា ការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top