ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ចង់ឃើញជ័យលាភីប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតពានរង្វាន់ សហគ្រិនថ្នាក់ជាតិរបស់កម្ពុជា អាចពង្រីកវិសាលភាព ប្រកួតប្រជែងដល់កម្រិតតំបន់ ។
ការថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញបិទការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោក ហេង សួរ បានគូសបញ្ជាក់ថា៖ “ខ្ញុំចង់ឱ្យកម្មវិធីសហគ្រិននេះធំជាងមុន និងមានការប្រកួតប្រជែងដល់កម្រិតថ្នាក់តំបន់ ហើយព្រឹត្តិការណ៍នៃការប្រកួតប្រជែងនេះ ត្រូវបានសង្គម និងរាជរដ្ឋាភិបាលទទួលស្គាល់”។
សម្រាប់លោករដ្ឋមន្ត្រី ការឈានឡើដល់កម្រិតអន្តរជាតិ គឺជាការបង្ហាញពីសក្តានុពលនៃសហគ្រិនកម្ពុជាក្នុងកម្រិតតំបន់ដែលជាការពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែម ព្រោះសហគ្រិនកម្ពុជាក៏មានសមត្ថភាពគួរឱ្យកត់សម្គាល់ផងដែរ។ បន្ថែមពីនេះ ការបង្កើនទំហំ នៃការផ្តល់ពានរង្វាន់ ដល់ជ័យលាភី ក៏ជាចំណុចដែលនឹងបង្កើន ការទាក់ទាញបេក្ខភាពចូលរួមការប្រកួតប្រជែង។
សូមបញ្ជាក់ថា ការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣នេះ មានជ័យលាភីចំនួន៤រូប ដែលមានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា ៕