ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលមួយកើតចេញពី គោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើមពីប្រមុខ ដឹកនាំរដ្ឋាភិបាលកម្ពុជា-ចិន។

អាកាសយានដ្ឋានដ៏ធំនេះ ជាការកសាងហេដ្ឋា រចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំ ៧០០,០៦ហិកតា និងមានដីបម្រុងប្រមាណ ១,០០០ហិកតា សម្រាប់ការកសាងតំបន់អភិវឌ្ឍន៍ពហុបំណង (សេដ្ឋកិច្ច- ទេសចរណ៍-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល អាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/ Airport City» នាពេលខាងមុខ។

សូមបញ្ជាក់ថា ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ហើយក៏ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ កម្ពុជាបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ សម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស៕



