ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ជំរុញឲ្យបង្កើនការហោះហើរត្រង់ ពីតំបន់ទេសចរណ៍ នៃបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន មកកម្ពុជា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន កាលពីកន្លងទៅ សម្ដេចបានចរចាជំរុញឲ្យមានជើងហោះហើរត្រង់ ពីតំបន់ទេសចរណ៍ក្នុងតំបន់អាស៊ាន មកកាន់កម្ពុជា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ខេត្តសៀមរាប នាព្រឹកថ្ងៃ១៦ វិច្ឆិកា សម្តេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាជាង១៥០លានដុល្លារ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ។ សម្ដេចក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណាឲ្យមានសុវត្ថិភាព សន្តិសុខនៅក្នុងតំបន់ជុំវិញព្រលានយន្តហោះខេត្តសៀមរាបថ្មីនេះ ក៏ដូចជានៅខេត្ត ឲ្យដំណើរការទៅបានល្អធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាពជូនទេសចរនៅក្នុងខេត្ត ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ជំរុញការភ្ជាប់ជើងហោះហើរត្រង់បន្ថែម ក្រសួងទេសចរណ៍កំពុងធ្វើការខិតខំ ក្នុងតភ្ជាប់ជើងហោះហើរត្រង់បន្ថែម ។ នៅក្នុងជំនួបរបស់ខ្ញុំជាមួយថ្នាក់ដឹកនាំអាស៊ាន យើងបានចរចាគ្នា ក្នុងការភ្ជាប់រវាងតំបន់ទេសចរណ៍ ពីបណ្ដាប្រទេសមួយចំនួនក្នុងអាស៊ានពីវៀតណាម ពីឡាវ ពីហ្វីលីពីន ពីស៊ែប៊ូ ពីថៃ ពីភូកេត ពីដាណាងនៅវៀតណាម ខិតខំធ្វើយ៉ាងណាបង្កើនការហោះហើរត្រង់មកទីនេះ (ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ) ហើយសង្ឃឹមថា ឆ្នាំ២០២៤ យើងអាចឈានទៅដល់ការជំរុញ ទេសចរឲ្យមកតាមច្រកនៅទីនេះ» ។

ជាមួយគ្នានោះដែរសម្ដេចធិបតី លើកឡើងថា កម្ពុជាក៏គ្រោងពង្រីកឲ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។ សម្ដេចថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺក្រសួងការបរទេស និងក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចការងារនេះជាមួយភាគីថៃ ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ទេសចរ ក៏ដូចជាពលរដ្ឋថៃ ដែលមកខេត្តសៀមរាប ។

សម្ដេចបន្តថា កន្លងទៅមានកិច្ចព្រមព្រៀងខេត្តជាប់ព្រំដែន ដែលពលរដ្ឋអាចចូលទៅខេត្តជាប់ព្រំដែនរៀងៗខ្លួន មិនចាំបាច់ប្រើ PASSPORT ទេ ។ សម្ដេចថា ឥឡូវនេះ​គឺចង់ពង្រីកវិសាលភាពឲ្យមកដល់ខេត្តសៀមរាបតែម្ដង ។ បានន័យថា ពលរដ្ឋថៃចូលមកខេត្តសៀមរាប មិនចាំបាច់មាន PASSPORT ទេ គឺមានត្រឹមបណ្ណព្រំដែនចូលមកបានហើយ ៕

To Top