ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ឆ្នាំនេះ កម្ពុជា មានលទ្ធភាពថែរក្សាលំនឹងតម្លៃអគ្គិសនី ទោះបីរដ្ឋត្រូវខាតបង់មួយចំនួនក៏ដោយ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២៣នេះ កម្ពុជាមានលទ្ធភាពក្នុងការថែរក្សាលំនឹងនូវតម្លៃអគ្គិសនី ទោះបីជារដ្ឋ ត្រូវខាតបង់មួយចំនួនក៏ដោយ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បើទោះបីកម្ពុជាជួបការលំបាកដោយសារបញ្ហាសេដ្ឋកិច្ចសកល តែកម្ពុជាបន្តប្រឹងប្រែងមិនឲ្យតម្លៃអគ្គិសនីឡើងថ្លៃនោះឡើយ។

សម្ដេចមានប្រសាសន៍ថា «ទោះបីវិបត្តិថាមពលនៅលើពិភពលោកដែលតម្រូវឲ្យប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោកត្រូវដំឡើងថ្លៃអគ្គិសនីប្រើប្រាស់ដល់ប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ នៅបណ្ដាប្រទេសមួយចំនួន។ កម្ពុជា ឆ្នាំនេះ មានលទ្ធភាពក្នុងការថែរក្សាលំនឹង ថ្លៃភ្លើង ទោះបីជារដ្ឋ ត្រូវខាតបង់មួយចំនួនក៏ដោយ ប៉ុន្ដែយើងបានខិតខំធ្វើយ៉ាងណាឲ្យថ្លៃអគ្គិសនី នៅកម្ពុជា ថែរក្សាបានពេញមួយឆ្នាំ»។

បើតាមសម្តេច​ ក្នុងរយៈពេល៣ខែនេះ អគ្គិសនីកម្ពុជា បានគិតគូរក្នុងការជួយលើកទឹកចិត្ត តាមរយៈការបញ្ចុះតម្លៃ១៥% នៃការប្រើប្រាស់អគ្គិសនីដែលលើសពីមធ្យម នៃការប្រើប្រាស់ ហើយជួយទៅដល់ប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ ជាសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប ភោនីយដ្ឋានធំៗ នៅទូទាំងកម្ពុជា៕

To Top