ព័ត៌មានជាតិ

សម្តេចធិបតី លើកទឹកចិត្ត ក្រុមហ៊ុនសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ពង្រីកការវិនិយោគបន្ថែម

រូបភាព៖ នាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពង្រីកផែនការវិនិយោគ នៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឲ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង នៅកម្ពុជា ។

ការបង្ហាញការគាំទ្រ និងលើកទឹកចិត្តរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម ស្របពេលអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃ១៦ វិច្ឆិកា ។

ក្នុងជំនួបនេះ លោក វ៉ាង អ៊ីប៉ បានធ្វើការបញ្ជាក់ផងដែរថា ខេត្តយូណាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះទ្បើង ក្នុងក្របខ័ណ្ឌ នៃការវិនិយោគ គម្រោងអាកាសយានដ្ឋានអន្តរជាតិ លើកដំបូងបំផុតក្រោម “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” និងជាអាកាសយាន ដ្ឋានអន្តរជាតិ ដែលត្រូវបានអនុវត្ត ដោយសហគ្រាសចិន នៅក្រៅប្រទេស តាមរបៀប “សាងសង់អាជីវកម្ម និងផ្ទេរ (BOT Project)” ។ លើសពីនេះ លោក វ៉ាង ក៏បានបងង្ហាញ ការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងកាន់តែរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខ ហើយទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងខេត្តយូណាននិយាយដោយទ្បែក នឹងកាន់តែមានភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែងបន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតីបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ សម្រាប់ខេត្តសៀមរាប ក៏ដូចជាកម្ពុជា ដែលសមិទ្ធផលដ៏ធំ និងថ្មីសន្លាងបាន លេចត្រដែតឡើង ជានិមិត្តរូបនៃការអភិវឌ្ឍ ក្នុងសម័យទំនើប ទន្ទឹមនឹងតម្រូវការនៃការថែរក្សាការពារ បេតិកភ័ណ្ឌវប្បធម៌របស់កម្ពុជា ហើយសមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ។ ជាមួយគ្នានេះ
សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនរដ្ឋទាំង៣របស់ខេត្តយូណាន ដែលមានជំនឿទុកចិត្តក្នុងការបោះទុនវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគសាងសង់ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះ ។

សម្តេចធិបតី ក៏បាន គូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់ លើការលើកកម្ពស់ ទំនាក់ទំនង កម្ពុជា-ចិន និងការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែក ក្នុងការជួយដល់ប្រទេស កំពុងអភិវឌ្ឍមាន ការរីកចម្រើន ។ ជាក់ស្តែង នៅកម្ពុជាផ្ទាល់ នៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន បានលេចចេញជារូបរាងឡើង រួមមាន ៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ , (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ , (៣) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង (៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ជាដើម ។ ជាចុងក្រោយ សម្តេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តក្រុមហ៊ុន ពង្រីកផែនការវិនិយោគ នៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឲ្យខេត្តនេះ ក្លាយជាប៉ូលអភិវឌ្ឍន៍ ពហុបំណងនៅកម្ពុជា ៕

To Top