ព័ត៌មានជាតិ

លោក​ ហេង សួរ ជំរុញឱ្យEuroCham ជួយទាក់ទាញ ការវិនិយោគ ក្រុមហ៊ុនអឺរ៉ុប មកកម្ពុជា

ភ្នំពេញ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣​ បានជំរុញឱ្យសភាពាណិជ្ជកម្ម សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham Cambodia) ជួយទាក់ទាញការវិនិយោគ ក្រុមហ៊ុនអឺរ៉ុប ដែលកំពុងប្រតិបត្តិការអាជីវកម្ម ក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា ។

ការថ្លែងដូចនេះ របស់លោករដ្ឋមន្ត្រីធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្ម សហភាព អឺរ៉ុបប្រចាំនៅកម្ពុជា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូ ជួបសំដែងការគួរសម នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចការងារអាទិភាព របស់ក្រសួងក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើង ក្នុងគោលបំណង បង្កើតឱ្យមានបរិយាកាស នៃការវិនិយោគ ដែលមានស្រាប់កាន់តែមានភាពប្រសើរឡើង ជាលំដាប់ និងការទាក់ទាញ វិនិយោគថ្មីបន្ថែមទៀត ជាពិសេសការវិនិយោគ របស់ក្រុមហ៊ុនអឺរ៉ុប។

ជាការឆ្លើយតបក្រៅពីការ អបអរសាទរទៅកាន់លោករដ្ឋមន្ត្រីចំពោះមុខតំណែងថ្មី លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្ម សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) បានគាំទ្រ ហើយថាវាជាតួនាទីចម្បង របស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ដើម្បីបង្ហាញដល់អ្នកវិនិយោគរបស់អឺរ៉ុប ដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ងាកមកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។ សម្រាប់ប្រធានសភាពាណិជ្ជកម្ម សហភាពអឺរ៉ុបរូបនេះ បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌការងារនៅកម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ 

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការពង្រឹង និងលើកកម្ពស់សមត្ថភាព របស់បុគ្គលិកក្នុងរោងចក្រ សហគ្រាស និងការហ្វឹកហ្វឺនកូនជាង ដែលជាចំណុចគន្លឹះនៃការបង្កើន ផលិតភាពការងារខ្ពស់ដែលអ្នកវិនិយោគចង់បាន។ 

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ជំនួបភាគីទាំងពីរ មានសុទ្ធិដ្ឋិនិយមខ្ពស់ ចំពោះកិច្ចសហការបន្តបន្ទាប់ទៀត ដើម្បីជំរុញឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងរោងចក្រសហគ្រាសកាន់តែប្រសើរឡើងមួយ កម្រិតបន្ថែមទៀត ក្នុងគោលបំណងធ្វើឱ្យកម្ពុជា មានភាពទាក់ទាញកាន់តែខ្លាំង សម្រាប់ការវិនិយោគ ៕

To Top