ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា ពិភាក្សាអំពីយុទ្ធសាស្ត្រ ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារដ៏ធំ និងមានសក្តានុពលខ្ពស់

រូបភាពពី៖​ ទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា​ប្រចាំកម្ពុជា បានពិភាក្សាគ្នា អំពីយុទ្ធសាស្ត្រ ក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ។

ការពិភាក្សាគ្នានេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រីប្រចាំការអនុញ្ញាតឱ្យលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជូបសម្តែងការគួសម និងពិភាក្សាការងារ​ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
ថ្លែងក្នុងជំនួបនេះ លោក វង្សី វិស្សុត លើកឡើងថា “ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី​ រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា មានតំាងពីយូរលង់ណាស់មកហើយ ។ ពិតណាស់ប្រវត្តិសាស្រ្តបានបង្ហាញថា កម្ពុជា​ បានទទួលឥទ្ធិពលយ៉ាងច្រើនពីឥណ្ឌា ប៉ុន្តែកម្ពុជាក៏បានផ្សព្វផ្សាយត្រឡប់ទៅឥណ្ឌាវិញ នូវអ្វីដែលជារបស់ខ្លួនផងដែរ”។

ជាមួយគ្នានេះ ភាគីទាំង២ បានពិភាក្សាអំពីការពង្រឹងចំណងមិត្តភាព ជាប្រវត្តិសាស្ត្រឱ្យកាន់តែរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លា ព្រមទាំងដើម្បីខិតខំបង្កើត កិច្ចសហប្រតិបត្តិការមួយចំនួន ឱ្យចេញជាផ្លែផ្កាជាក់ស្តែង។ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងទស្សនៈទៅវិញទៅមក ពាក់ព័ន្ធនឹងបញ្ហាតំបន់ ជាពិសេសក្នុងបរិការណ៍ នៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ ដើម្បីជាផលប្រយោជន៍ នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទេ្វភាគី និងទាំងនៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោក។

ក្នុងជំនួបនេះទៀតសោត លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏បានលើកឡើងថា ឥណ្ឌាចង់ចែករំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលសាធារណៈ សម្រាប់បម្រើឱ្យសេវាសាធារណៈ ដែលកំពុងប្រើប្រាស់ ក្នុងប្រទេសឥណ្ឌា ដល់កម្ពុជា ដូចជាពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណកម្ម និងប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។

លោកស្រី ក៏បានបន្តលើកឡើងថា តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការ បច្ចេកទេសនិងសេដ្ឋកិច្ច ដែលជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ឥណ្ឌានឹងផ្តល់ការបណ្តុះបណ្តាលជំនាញ ដើម្បីកសាងសមត្ថភាពដល់មន្ត្រី តាមបណ្តាប្រទេសមួយចំនួន ដែលក្នុងនោះ ស្ថាប័នមុខងារសាធារណៈ របស់ឥណ្ឌាកំពុងរៀបចំចុះ MoU ជាមួយក្រសួងមុខងារសាធារណៈ របស់កម្ពុជា ដើម្បីចូលរួមចំណែក កសាងសមត្ថភាពដល់មន្រ្តីរាជការកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានស្វាគមន៍ចំពោះបំណងចែក រំលែកចំណេះដឹង និងបទពិសោធ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលសាធារណៈរបស់ឥណ្ឌា ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល សំដៅកសាងរដ្ឋាភិបាលឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្ត ដែលបានដាក់ចេញនាពេលកន្លងមក និងបានស្នើដល់ភាគីឥណ្ឌា ពិនិត្យលទ្ធភាព​ ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា លើការបណ្តុះបណ្តាល និងកសាងសមត្ថភាព មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នលើគ្រប់វិស័យ ដោយក្នុងនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើឱ្យមានការពិនិត្យលើលទ្ធភាព លើកកម្ពស់សមត្ថភាពមន្ត្រីរាជការ ក្នុងវិស័យរដ្ឋបាលសាធារណៈ ការតាក់តែង និងការពិនិត្យច្បាប់ ជាពិសេសការពិនិត្យលើផលប៉ះពាល់ នៃបទដ្ឋានគតិយុត្តិ ដើម្បីគាំទ្រដល់ការកែទម្រង់ប្រព័ន្ធច្បាប់ ព្រមទាំងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈជាដើម។

ក្នុងនោះលោក វង្សី វិស្សុត និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាផងដែរ អំពីយុទ្ធសាស្ត្រ ក្នុងការទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ដែលជាទីផ្សារមួយដ៏ធំ និងមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារទេសចរណ៍កម្ពុជា តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ សម្រាប់ទាក់ទាញទេសចរឥណ្ឌា ឱ្យមកទស្សនកិច្ចកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះភាគីទាំងពីរ ក៏បានគិតគូពីការទាក់ទាញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការផ្លាស់ប្តូរគំនិតយោបល់មួយចំនួន ពាក់ព័ន្ធនឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជន នៃប្រទេសទាំងពីរផងដែរ៕

To Top