ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបាន នូវសមិទ្ធផលធំធេងបន្ថែមទៀត ។
ការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូត បានធ្វើឡើងនាឱកាសចូលជួបសម្ដែងការគួរសម ជាមួយលោកអភិសន្តិបណ្ឌិត នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈមួយចំនួនពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ ។
លោកក៏បានមានប្រសាសន៍ ចូលរួមអបអរសាទរកម្ពុជា ចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែប្រសើរ ជាពិសេសកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ សហព័ន្ធអាល្លឺម៉ង់ ចំពោះការប្ដេជ្ញាចិត្ត និងការបង្ហាញឆន្ទៈ បន្តរួមចំណែក គាំទ្រកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការនៅកម្ពុជា ដែលបាននិងកំពុងទទួល លទ្ធផលប្រកបដោយផ្លែផ្កា។
លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា បច្ចុប្បន្ន កម្ពុជា កំពុងអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទីពីរ សម្រាប់ឆ្នាំ២០២១-២០៣០ ដែលនឹងមានការបន្តបែង ចែកអំណាច និងធនធានពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ បន្ថែមទៀត ដើម្បីឱ្យការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន កាន់តែមានភាពប្រសើរឡើង ។
លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ សហព័ន្ធអាល្លឺម៉ង់ ដែលបានសហការ និងសម្របសម្រួល ព្រមទាំងផ្ដល់ការស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា នៅសហព័ន្ធអាល្លឺម៉ង់កន្លងទៅនេះ ៕