ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការគាំទ្រ ពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ស្ថានទូតចិនប្រចាំកម្ពុជា ទើបវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និង សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថា ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិជំរុញ និងលើកទឹកចិត្តដល់ការកសាងសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ។
ថ្លែងទៅកាន់អ្នកចូលរួមសរុបមានចំនួន២៦០រូប លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ និងជាតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ
គឺជាទស្សនវិជ្ជាចិនដែលបាន ផ្តួចផ្តើមដោយលោក Xi Jinping ប្រធានាធិបតីចិន ដែលមានអាយុកាល១០ឆ្នាំមកនេះ ក្នុងគោលបំណងរួមគ្នាកសាងពិភពលោក ដែលបើកចំហ បរិយាប័ន្ន បៃតងភាព សន្តិភាពយូរអង្វែង សន្តិសុខសកល និងវិបុលភាព ហើយកម្ពុជាបានទទួលផលជាច្រើន នៅក្នុងនាមជាមិត្ត ដែកថែបរបស់ចិន ដោយចិនបានចូលរួម នៅក្នុងចរន្តនៃការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា ដូចដែលខ្ញុំគូសបញ្ជាក់មុននេះ ពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពានជាដើម សុទ្ធតែបានបញ្ជាក់ពីគំរូ នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិរវាងកម្ពុជានិងចិន ។
លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា តំណាងលោកWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសរំលេច ដើម្បីកសាងសហគមន៍ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ គឺកសាងពិភពលោក នៃសន្តិភាពយូរអង្វែង សន្តិសុខសកល ភាពរុងរឿង ភាពបើកចំហ និងបរិយាប័ន្ន ភាពស្អាតស្អំ និងសោភណភាព ដែលស្របតាមបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជនលើពិភពលោក សម្រាប់ការអភិវឌ្ឍដោយសន្តិភាព។ កម្ពុជាប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងយុត្តិធម៌ ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងតស៊ូមតិក្នុងការរៀនសូត្រ គ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ ដែលនេះជាការរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានការកោតសរសើរយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។
ពហុកីឡដ្ឋានជាតិមរតកតេជោ មន្ទីរពេទ្យមិត្តភាពចិន-កម្ពុជា ព្រះកុសមៈ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សុទ្ធសឹងជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងកិច្ចកសាង សហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នក ស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនបានគូសរំលេចថា «កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ដែលជាទស្សនវិជ្ជា ដែលមានអាយុកាល១០ឆ្នាំ មកនេះ បានចង្អុលបង្ហាញយ៉ាងជ្រាលជ្រៅថា «គ្មានប្រទេសណាអាចដោះស្រាយ តែម្នាក់ឯងនូវបញ្ហាប្រឈមនានា ដែលមនុស្សជាតិជួបប្រទះ បានឡើយ ហើយក៏គ្មានប្រទេសណាអាចដកថយ ទៅកាន់កោះដែលបិទ បាំង រស់នៅតែឯកឯងបានឡើយ ។ សកម្មភាពជាសកល ការឆ្លើយតបជាសកល និងកិច្ចសហប្រតិបត្តិការ ជាសកល ត្រូវតែអនុវត្ត»។ បន្ថែមពីលើនេះ លោកបណ្ឌិតបានសាទរ ចំពោះលទ្ធផលវិជ្ជមាន នៃជំនួបរវាងលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Joe Biden ប្រធានាធិបតីអាមេរិក ដែលជាការគូសរំលេច យ៉ាងពេញលេញថា កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាអនាគតរបស់ប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក និយាយដោយឡែក មនុស្សជាតិទាំងអស់ក្នុងពិភពលោកនិយាយរួម ហើយវាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃសម័យកាល ។
លោកបណ្ឌិត ក៏សង្ឃឹមផងដែរថា មនុស្សជាតិទាំងអស់នឹង ចូលរួមជាមួយចិន នៅក្នុងការកាន់បដា នៃសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិប្រកាន់ខ្ជាប់ នូវជោគវាសនារួម និងសាមគ្គីភាព ជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នា ជាមួយនឹងការអភិវឌ្ឍដោយសន្តិវិធី ជំនួសសន្តិសុខដាច់ខាតជាមួយ នឹងសន្តិសុខរួម បោះបង់ល្បែងផលបូកស្មើសូន្យ ដោយជំនួសមកវិញនូវការចែករំលែក ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមកនិងឈ្នះ- ឈ្នះ ការពារជម្លោះអរិយធម៌ តាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដីជាមួយនឹងការអភិវឌ្ឍបៃតង ភាពរុងរឿងអាចស្ថិតស្ថេរ ហើយសន្តិសុខ អាចត្រូវបានធានា ៕ អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន