ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានទុករយៈពេល ៣ខែ ពោលចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យម្ចាស់អាជីវកម្មលើប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់ ដើម្បីដាក់ពាក្យសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ត្រូវចេញដោយក្រសួង។
តាមរយៈលិខិត របស់ក្រសួងព័ត៌មាន នាថ្ងៃទី១៦ វិច្ឆិកា បានបញ្ជាក់ថា «ចំពោះអង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាត ដូចជា កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ ត្រូវមកសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល៣ខែគិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣ រហូត ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ផុតរយៈពេលនេះ អង្គភាពប្រព័ន្ធផ្សព្វផ្សាយណា ដែលនៅតែបន្តធ្វើអាជីវកម្ម ផ្សព្វផ្សាយដោយគ្មានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។
ក្នុងនោះក្រសួងក៏ផ្តាំថា ចំពោះសមាគមអ្នកសារព័ត៌មាន ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នក សារព័ត៌មានទាំងអស់ ត្រូវអនុវត្តតាមច្បាប់ ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។
ករណីម្ចាស់អង្គភាព ប្រព័ន្ធផ្សព្វផ្សាយ ឬអ្នកសារព័ត៌មានណាដែលនៅតែបំពានក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ សណ្តាប់ធ្នាប់សង្គម កិត្យានុភាព និងសណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន ក្រសួងព័ត៌មាននឹងដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ និងចាត់វិធានការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សម្រាប់នីតិវិធី ក្នុងការផ្តល់បណ្ណសម្គាល់អ្នកសារព័ត៌មាន ក្រសួងនឹងរៀបចំចេញបណ្ណតាមប្រព័ន្ធអនឡាញដោយភ្ជាប់មកជាមួយ QR Code បង្ហាញទិន្នន័យអត្តសញ្ញាណបុគ្គលជាអ្នកសារព័ត៌មាន ដែលអាចស្កេនបានតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ www.verify.gov.kh ដើម្បីចៀសវាងការក្លែងបន្លំបណ្ណសម្គាល់អ្នកសារព័ត៌មាន និងអាចគ្រប់គ្រងទិន្ន័យអ្នកសារព័ត៌មានបានច្បាស់លាស់៕