ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជេីងគោក បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ដល់យោធិនចូលសោធននិវត្តន៍ និងពិការ

ភ្នំពេញ៖​ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ និងពិការឆ្នាំ២០២៣ របស់កងទ័ពជេីងគោក នៅទីបញ្ជាការកងពលតូចលេខ៧០ ។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ​ សុផាន់​ បានលើកឡើងថា ពលិកម្មប្រកបដោយវីរភាពស្មារតី ស្នេហាជាតិ របស់យោធិនចូលនិវត្តន៍ នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះក្នុង ការអភិវឌ្ឍប្រទេសជាតិ ។

លោកមេបញ្ជាការកងទ័ពជេីងគោកបន្តថា ទោះបីពេលនេះអស់ពួកគាត់ត្រូវដាក់ឲ្យចូលនិវត្តន៍ និងផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទក៏ពិតមែន តែរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់​ ចំពោះសុខទុក្ខនិងផ្តល់ក្តីស្រឡាញ់រាប់អានជាអតីតយុទ្ធមិត្ត តាមរយៈការរៀបចំឲ្យមានពិធីជួបជុំ ផ្សារភ្ជាប់មនោសញ្ចេតនានៅតាមអង្គភាព ស្ថាប័ន ដែលខ្លួនធ្លាប់បានបំពេញភារកិច្ច ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់និវត្តជន និងយោធិនពិការទាំងអស់ ឲ្យបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុ​ភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ព្រមទាំងចូលរួមការពារសន្តិភាព និងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន៕

To Top