ព័ត៌មានជាតិ

សាស្ត្រាចារ្យរដ្ឋមន្ត្រី សរសើរអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ គាំពារសង្គម អនុវត្តក្របខណ្ឌ គោលនយោបាយជាតិ គាំពារសង្គម

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរ ដល់ក្រុមប្រឹក្សាជាតិ គាំពារសង្គម ដែលបានអនុវត្តក្របខណ្ឌ គោលនយោបាយជាតិ គាំពារសង្គម ពីឆ្នាំ២០១៦ ដល់២០២៥ ។

ការសរសើរនេះ ក្នុងឱកាសអនុញ្ញាត ឲ្យលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារ សង្គមចូលជួបសម្តែងការ គួរសមនាថ្ងៃ១៧ វិច្ឆិកា ។

នាឱកាសនោះសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ គណៈប្រតិភូក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានមកជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍភាព និងទិសដៅនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

​ចំណែកបណ្ឌិត ចន ណារិទ្ធ បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ ដែលជាឯកសារគោល និងជាមគ្គុទ្ទេសក៍ សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដោយផ្អែកលើអភិក្រមកិច្ច គាំពារសង្គមពេញ មួយវដ្តជីវិត និងផ្តោតលើសសរស្តមចំនួន២គឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

លោកថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម និរបបសន្តិសុខសង្គមក្នុងប្រព័ន្ធគាំពារសង្គមនានា រួមមាន៖ មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនរហូតបានអាយុក្រោម២ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩មក។

​សម្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ និងកោតសរសើរ ដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានអនុវត្តក្របខណ្ឌ គោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ និង មានវឌ្ឍនភាពគួរឱ្យកត់សំគាល់ ព្រមទាំងយកចិត្តទុកដាក់ ក្នុងការសហការ សម្របសម្រួល ក្រុមការងារអន្តរក្រសួង ដើមី្បរៀបចំឯកសារសេចក្តីព្រាង ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ដើម្បីកំណត់អំពីចក្ខុវិស័យ និងផែនការ យុទ្ធសាស្ត្រ ក្នុងការបោះជំហានជាដំណាក់កាលៗ ឆ្ពោះទៅការសម្រេច បាននូវការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា តាមរយៈការបន្តអភិវឌ្ឍ និងពង្រីកប្រព័ន្ធគាំពារសន្តិសុខសង្គម ព្រមជាមួយនឹងការពង្រឹង និងបង្កើនប្រសិទ្ធភាពផ្នែកថែទាំសុខភាព ។

សាស្ត្រចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តភាគីពាក់ព័ន្ធនានា នៃក្រសួងសុខាភិបាល បន្តសហការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការអនុវត្តក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងអនុវត្តយុទ្ធសាស្ត្រ សុខាភិបាលទាំង៩ ជាពិសេសឲ្យផ្សារភ្ជាប់ការងារនេះ ជាមួយនឹងអាទិភាពគន្លឹះវិស័យសុខាភិបាល ទាំងបីរួមមាន៖ ១) ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់ សម្ភារៈបរិក្ខារ វេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងក្នុង១ថ្ងៃ ២) ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្តតាមរយៈការពង្រឹងសមត្ថភាព សង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម ៣) ពង្រឹងស្ថាប័ននិងធនធាន មនុស្សសុខាភិបាល តាមរយៈការពង្រឹងភាព ជាអ្នកដឹកនាំស្ថាប័ន គ្រប់លំដាប់ថ្នាក់ ដើម្បីជម្រុញការ គ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដែលជារបៀបវារៈ គោលនយោបាយ ប្រកបដោយមហិច្ឆិតាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕

To Top