ព័ត៌មានជាតិ

រយៈពេលពីរថ្ងៃក្រសួងការងារ ផ្សព្វផ្សាយ អត្ថប្រយោជន៍ ប.ស.ស. តាមរបបភាគទាន ដោយស្ម័គ្រចិត្តដល់អាជីវករ និងកម្មករនិយោជិតជាង៨ម៉ឺននាក់

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចុះធ្វើយុទ្ឋនាការផ្សព្វផ្សាយរយៈពេល៣០ថ្ងៃ នៅទូទាំងប្រទេសស្តីពីលក្ខខណ្ឌ បែបបទ និង នីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែល បងប្អូនប្រជាពលរដ្ឋត្រូវទទួល បានពេលក្លាយជាសមាជិក ប.ស.ស.។

ការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយនេះ គឺធ្វើឡើងបន្ទាប់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយគិតមកដល់ពេលនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា ៨៦ ២៨៥ នាក់ ទទួលបានការផ្សព្វផ្សាយតាមរយៈយុទ្ធនាការខាងលើនេះ។នេះបើយោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម។

យុទ្ធនាការរយៈពេល ៣០ថ្ងៃនេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ ប.ស.ស. នឹងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខ ភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យបានថ្លែងឲ្យដឹងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តផ្តល់សារៈប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ព្រមទាំងបុគ្គលបុគ្គលស្វ័យនិយោជន៍ និង សមាជិកគ្រួសារមានប័ណ្ណ ប.ស.ស. ក្នុងការកាត់បន្ថយការចំណាយបន្ទុកក្នុងជីវភាពគ្រួសារ នៅពេលព្យាបាលជំងឺ។

លោកបញ្ជាក់ថា៖ « នៅក្នុងផ្ទះ បើមានប័ណ្ណ ប.ស.ស. តែម្នាក់ ហើយសមាជិកម្នាក់ទៀតឈឺ ពួកគាត់ត្រូវចំណាយច្រើន។ដូច្នេះហើយ នៅពេលសមាជិកក្នុងគ្រួសារមានប័ណ្ណ ប.ស.ស. ទាំងអស់គ្នា គឺជួយសម្រាលបន្ទុកពួកគាត់ច្រើនណាស់ គឺល្អមែនទែនពេលមានប័ណ្ណ ប.ស.ស. »។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កាលពីពេលថ្មីៗនេះថាតាមរយៈកម្មវិធីថ្មីនេះ គឺជាការពង្រីកវិសាលភាពនេះដើម្បីឆ្លើយតបទៅនឹងកំណើន និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ពិសេសបុគ្គលស្វ័យនិយោជន៍ដែលចង់ក្លាយជាសមាជិក ប.ស.ស. ក៏ដូចជាបំណងប្រាថ្នារបស់សមាជិក ប.ស.ស. ដែលចង់ឲ្យសមាជិកក្នុងបន្ទុកគ្រួសារទទួល បានការថែទាំសុខភាពតាមរយៈប័ណ្ណ ប.ស.ស. ។

សម្តេចធិបតីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូនកម្មករនិយោជិត ព្រោះជួយកាត់បន្ថយចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍ចំណូល និង ធ្វើឲ្យប្រសើរឡើងសុខភាពផងដែរ។

សូមជម្រាបថា កម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានប្តី ឬ ប្រពន្ឋ និងកូនក្នុងបន្ទុកអាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀលក្នុងមួយនាក់គឺបងប្អូនអាចទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ៕

To Top