ភ្នំពេញ៖ នាវាទេសចរណ៍អន្តរជាតិ២គ្រឿង ដែលមានឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS និង AIDA Bella សញ្ជាតិ ITALY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ផែពហុបំណង) ក្នុងគោលបំណងមកទេសចរក្នុងប្រទេសកម្ពុជា។
យោងតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ AIDA Bella សញ្ជាតិ ITALY ដែលមានប្រវែងបណ្តោយ ២៣០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ចេញដំណេីរមកពីប្រទេសសិង្ហបុរី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន ៦៣១ នាក់ ស្រី ១២២នាក់ មាន ២៧សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ២០០៥នាក់ ស្រី ១០៤៨នាក់ មាន ២៥សញ្ជាតិ ( សញ្ជាតិដែលមានភ្ញៀវច្រេីនជាងគេគឺអាល្លឺម៉ង់ ១៨៥៩នាក់ ) ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល២ថ្ងៃ( ក្នុងខេត្តព្រះសីហនុ) នាវានេះចាកចេញទៅវិញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦.០០នាទីរសៀលឆ្ពោះទៅប្រទេសថៃ។
ដោយឡែកនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាវាទេសចរណ៍០១គ្រឿង ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៩៤.១៣ម៉ែត្រ ទទឹង៣២.២០ម៉ែត្រ ចេញដំណេីរមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ផែពហុបំណង)ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន ១០៤០នាក់ ស្រី ២៣០នាក់ មាន ៥៤សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ១៨០៣នាក់ ស្រី ៣០នាក់ មាន ៥៧សញ្ជាតិ ( សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក ១១៣៧នាក់, កាណាដា១០៦នាក់ ) ក្នុងគោលបំណងមកទេសចរក្នុងប្រទេសកម្ពុជារយៈពេល១ថ្ងៃ( ក្នុងខេត្តព្រះសីហនុ) នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧.០០នាទីឆ្ពោះទៅប្រទេសថៃ៕