ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាត ឱ្យប្រតិភូសហព័ន្ធ សន្តិភាព សកល (Universal Peace Federation-UPF) ដឹកនាំដោយ លោកបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធ សន្តិភាពសកល (UPF) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ នៅក្នុងបេសកកម្មស្វែង រកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-20_16-39-49-1024x682.jpg)
ក្នុងឱកាសនោះ សម្តេច រដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មដ៏ល្អរបស់អង្គការ UPF នៅក្នុងការស្វែងរកសន្តិភាពជូនតំបន់ និងសកលលោក។ កម្ពុជាបានចូលរួមនិងគាំទ្របេសកកម្មនេះជានិច្ច នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ហើយបានបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ ដែលពោរពេញដោយសមត្ថភាពនិងថាមពល។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-20_16-39-59-1024x682.jpg)
សម្តេច រដ្ឋសភាធិបតី បានលើកឡើងថា UPF ក៏មានទំនាក់ទំនងដ៏ល្អ ជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ ។ ដូច្នេះនៅក្នុងពេល ដែលពិភពលោកកំពុង ប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្ត នយោបាយ សង្រ្គាម និង ភាពមិនប្រាកដប្រជានោះ UPFគួរស្វែងរកលទ្ធភាព កាន់តែច្រើនជាមួយ រដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាព ដ៏មានតម្លៃនេះ ។ សម្តេច រដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបាន ចូលរួមជាមួយវេទិកា អន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសន្ទនាដូចជា AIPA, APPF, APF, ASEP ជាដើម។
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-20_16-39-53-1024x682.jpg)
លោកបណ្ឌិត Charles S. Yang បានគូសបញ្ជាក់ថា UPFទាំងមូលមានជំនឿជឿជាក់ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិនិងប្រជាជន។
លោកបណ្ឌិត Charles S. Yang បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលជាច្រើន នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ UPF នៅកម្ពុជា នៅក្នុងនោះ គណៈប្រតិភូបានទស្សនកិច្ចវិមានឈ្នះឈ្នះផងដែរ ។ លោកក៏លើកឡើង ពីគម្រោងរៀបចំសន្និសីទ មួយចំនួនរបស់UPF ដើម្បីសន្តិភាព នាពេលមុខ និងស្នើសូមរដ្ឋសភាកម្ពុជាគំាទ្រ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ជាមេរៀនសំខាន់មួយ ដែលពិភពលោក ត្រូវរៀនសូត្រ នៅក្នុងការបញ្ចប់សង្រ្គាម និងកសាងសន្តិភាព ៕
![](https://dap-news.com/wp-content/uploads/2023/11/photo_2023-11-20_16-40-13-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)