ភ្នំពេញ ៖ ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានរៀបចំមហោស្រពវប្បធម៌កូរ៉េ ណាឌ្រី ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) មានទីតាំងក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា។
មហោស្រពលើកនេះ ត្រូវបានសហការរៀបចំដោយ ស្ថានទូតកូរ៉េ ប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងឧបត្ថម្ភដោយមជ្ឈមណ្ឌលអប់រំកូរ៉េ ទីក្រុងហូជីមិញ អង្គភាពទេសចរណ៍កូរ៉េ សាខាទីក្រុងហាន់ណូយ និងមូលនិធិកូរ៉េសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ(KF)។
ក្នុងពិធីបើកមហោស្រពវប្បធម៌កូរ៉េ ណាឌ្រី មានការអញ្ជើញចូលរួមពីលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) លោក ឃួន ថាវុធ នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉(CKCC) លោកស្រី Choi Moon Jung នាយិការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ(KOICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Kil Hojin នាយកមជ្ឈមណ្ឌលអប់រំកូរ៉េប្រចាំទីក្រុងហូជីមិញ។
ឯកអគ្គរដ្ឋទូត PARK Jung-Wook បានមានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ភ្ញៀវទាំងអស់ដែលបានចូលរួមនៅក្នុងពិធីនេះ នឹងរីករាយប្រកបដោយផាសុកភាព ដែលប្រៀបដូចជាអ្នកបានដើរចេញទៅក្រៅនៅថ្ងៃរដូវស្លឹកឈើជ្រុះដ៏ត្រជាក់ ហើយឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកូរ៉េ និងកម្ពុជា។ នៅក្នុងពិធីបើកនោះ មានការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយស្ដីពីពិព័រណ៍ពិភពលោកនៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ និងទេសចរណ៍របស់ប្រទេសកូរ៉េ ការសម្តែងតេក្វាន់ដូ ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីកូរ៉េ Hanbok និងការសម្តែង K-pop ជាបន្តបន្ទាប់»។
ក្នុងកម្មវិធី ណាឌ្រី មានស្តង់ពិសោធន៍ផ្សេងៗដូចជា ការស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ(Hanbok) ការបញ្ចាំងភាពយន្តកូរ៉េ ការប្រគុំតន្ត្រី K-pop ល្បែងប្រពៃណីបោះគ្រាប់ព្រួញចូលបំពង់(Tuho) ធ្វើ Dalgona ភ្លក្សរសជាតិអាហារតាមបែបចិញ្ចើមថ្នល់របស់កូរ៉េ ការក្រងអំបោះជាបន្តោងប្រពៃណីកូរ៉េ ការផាត់ពណ៌លើផ្លិត ថ្នាក់រៀនធ្វើម្ហូបកូរ៉េ គីមឈី និងគីមឈី pancake ថ្នាក់រៀនផាត់មុខ រួមទាំងថ្នាក់សរសេរអក្សរផ្ចង់ Hangeul ត្រូវបានដំណើរការដើម្បីផ្តល់ជូនភ្ញៀវកម្ពុជានូវឱកាសទទួលបានបទពិសោធន៍ពីវប្បធម៌ប្រពៃណីដ៏សម្បូរបែប និងទំនើបរបស់ប្រទេសកូរ៉េ។
ស្ថានទូតបានផ្តល់ស្តង់ផ្សព្វផ្សាយអាជីវកម្ម សម្រាប់សហគ្រាសកូរ៉េវិនិយោគនៅក្រៅប្រទេស(ធនាគារ Shinhan Bank Woori Bank និង Camko Brothers) ដើម្បីគាំទ្រសកម្មភាពអាជីវកម្ម ផ្តល់ឱកាសដល់ក្រុមហ៊ុនកូរ៉េក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពដល់ប្រជាជនកម្ពុជាជំនាន់ MZ ដែលចូលចិត្តវប្បធម៌កូរ៉េ និងប្រើវាជាឱកាសដើម្បីជំរុញការនាំចេញមកកម្ពុជា៕