ព័ត៌មានជាតិ

សម្តេចធិបតី ផ្តាំទៅសហជីព កុំយកកម្មករ ទៅធ្វើការងារ នយោបាយ ព្រោះអត់ចំណេញ

រូបភាព ដើមអម្ពិល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារមួយទៅកាន់សហជីព ឲ្យដើរតួនាទីត្រូវជំនាញវិជ្ជាជីវៈ ធ្វើជាតំណាងកម្មករ-កម្មការិនី សម្រាប់ដោះស្រាយបញ្ហា ដើម្បីការពារអត្ថប្រយោជន៍កម្មករ តែកុំយកឈ្មោះជាសហជីព ទាញកម្មករចូលទៅក្នុងនយោបាយ ព្រោះអត់ចំណេញ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ នាថ្ងៃទី២១ វិច្ឆិកា សម្តេចធិបតី មានប្រសាសន៍ផ្តាំថា ការដោះស្រាយបញ្ហាដែលមានទំនាស់ គឺត្រូវប្រកាន់ជំហរសុខដុមរមនា គោរពគ្នាទៅវិញទៅមកដោយសន្តិវិធី ថែរក្សាលំនឹង និងស្ថេរភាព និងបរិស្ថានធ្វើយ៉ាងណា ឲ្យរោងចក្រសហគ្រាស បរិស្ថានការងារ ទៅជាកន្លែងដែលសុខដុមរមនា មានអ្វីនិយាយគ្នា រវាងកម្មករ សហជីព ។

សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា “សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការថែរក្សាលំនឹង នៅក្នុងការអនុវត្តគោលការណ៍ផ្សេងៗ សហជីព វិជ្ជាជីវៈ សូមដើរតួនាទីជំនាញ តាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករ-កម្មការិនី កុំយកឈ្មោះជាសហជីព តែប្រមូលបងប្អូនទៅធ្វើការងារអ្វីផ្សេង ជាពិសេសការងារនយោបាយ វាអត់ចំណេញ មកធ្វើការងារតំណាងសិទ្ធិកម្មករ-កម្មការិនី ដោះស្រាយបញ្ហារឿងកម្មករ-កម្មការិនី កុំយកជ្រកក្រោមរូបភាពនេះ ទៅយកបងប្អូនទៅធ្វើការងារអីផ្សេង ខុសវានាំឲ្យបញ្ហា” ។

ក្នុងនោះសម្តេចធិបតី បញ្ជាក់ទៀថា “បើចង់ធ្វើជាការងារតំណាងប្រធានបទអ្វី រៀបចំឲ្យចំទៅ ។ ចង់ធ្វើការងារសិទ្ធិមនុស្ស រៀបចំជា NGO ដើរតួនាទីសម្រាប់ការងារសិទ្ធិមនុស្សឲ្យចំទៅ ។ បើចង់ការពារបរិស្ថាន រៀបចំជាសង្គមស៊ីវិល ឬអង្គការបរិស្ថាន ឲ្យចំការពារទៅ ។ យើងធ្វើការស្រួលនិយាយគ្នា កុំជ្រកក្រោមរូបភាព យកដៃបងប្អូនកម្មករ-កម្មការិនី អាជីព អង្គការវិជ្ជាជីវៈ យកទៅធ្វើអីផ្សេងខុសជំនាញ ។ សិទ្ធិសេរីភាព បងប្អូនសហជីពយើងរាប់ពាន់ ហើយខ្ញុំអរគុណណាស់ សហជីពរស់យើងទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងរបស់កម្មករ និយោជិតបានល្អ នៅក្នុងការដោះស្រាយ និងជាតំណាងក្នុងការចរចា អត្ថប្រយោជន៍ផ្សេងៗ ឲ្យបងប្អូនយើងដោយសន្តិវិធី ។ នេះគឺជាអ្វីដែលជាប្រពៃណី ដែលយើងត្រូវធ្វើ” ៕

To Top