កំពង់ចាម ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ មានប្រជាពលរដ្ឋ បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់ សរុបចំនួន ៦ករណី ដោយក្នងនោះ អាជ្ញាធរក្រុមប្រឹក្សាខេត្ត ធ្វើការឆ្លើយតបភ្លាមៗ បានចំនួន ៣ករណី នៅសេសសល់ ២ករណី និងផ្ទេរកម្មសិទ្ធិ ១ករណី ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ។
វេទិកានេះ បានធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ០២៣ នៅវត្តល្វាទេ ស្ថិតក្នុងភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ក្រុមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ។
ក្នុងអង្គវេទិកានោះដែរ លោក ហេង វណ្ណនី បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន បញ្ហាបាក់ច្រាំទន្លេ បញ្ហាលំបាកក្នុងការកែតម្រូវសំបុត្រកំណើត ស្នើសុំបេីកផ្លូវ ៣មែត្រ ស្នើសុំផ្លូវ ៣ខ្សែចុះទៅស្រែចម្ការ និងស្នើសុំប្រព័ន្ធធារាសាស្ត្រទូទាំងឃុំមានជ័យ ។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោក ខ្លូត ផន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ពិតជាបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផល ការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប ៕