ព័ត៌មានជាតិ

ចោរដៃឆៅខាងកាប់ប្លន់ ០២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

កាលពីវេលាម៉ោង ២ៈ០០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមួយបានកើតឡើង ដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជង់គំរាមទៅលើនារីរងគ្រោះម្នាក់ យកទូរស័ព្ទ០១គ្រឿង ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវនៅចំណុចមុខតារាងបាល់ទាត់ ផ្លូវកែងកែវចិន្តា ស្ថិតភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ១៥ៈ៣០នាទី ថ្ងៃដដែល ក្រោយពីទទួលបណ្ដឹងរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ មានឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និង ឈ្មោះ កង កែវ ហៅប្លក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាង ៖ ដាវចំនួន០១ដេីម, ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ-ភ្នំពេញ-1Y-2770 ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវភ្ជង់ប្លន់យកទូរស័ព្ទមួយគ្រឿង ពីជនរងគ្រោះ ពិតប្រាកដមែន។ ដោយជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វីន បានបន្ថែមថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ០១លើក គឺនៅឆ្នាំ២០១៧ ពាក់ព័ន្ធករណីលួចម៉ូតូ និងបានប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន។ ចំណែកសង្ស័យឈ្មោះ កង កែវ ហៅប្លក់ ក៏បានឲ្យដឹងដែរថា កន្លងមកខ្លួនធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំមួយលើក ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនកាលពីឆ្នាំ២០១៥ និងបានប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០១០ ដល់់បច្ចុប្បន្ន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ​ ប្រគល់ឲ្យការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top