ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកផ្លូវជាតិលេខ៥ គឺជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ចិញ្ចឹមជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ព្រោះផ្លូវនេះ តភ្ជាប់ទៅកាន់ខេត្តមួយចំនួន។
ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ “កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់បាត់ដំបង នាព្រឹកថ្ងៃ២២ វិច្ឆិកា សម្តេចធិបតីគូសបញ្ជាក់ថា «ទោះបី ជាមានឡានល្អយ៉ាងណាក៏ដោយ បើគ្មានផ្លូវល្អឬអំណោយផល ទៅមិនរួចទេ ទោះបីយកឡានប្រណាំF1 យកមកបើកដឹងតែខ្ទិចឡានតែម្តងទៅមិនរួចទេ ដូច្នេះកត្តាផ្លូវនេះសំខាន់ណាស់»។
សម្តេចធិបតីគូសបញ្ជាក់ថា «ផ្លូវជាតិលេខ៥ គឺជាផ្លូវសរសែឈាមមួយសំខាន់ ដែលថ្ពួកបណ្តាផ្លូវផ្សេងៗទៅភ្ជាប់ ទីប្រជាជុំជននៅក្នុងខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ ។ អីចឹងភ្ជាប់ផ្លូវច្រើនដែលជាមេសរសៃឈាមមួយ មិនត្រឹមតែភ្ជាប់នៅកាន់តំបន់និងភូមិសាស្ត្រទេ ប៉ុន្តែវាជាសរសៃឈាមដែលចិញ្ចឹម ដល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅជាប់ផ្លូវនោះ»។
សម្តេចធិបតីក៏បានឲ្យដឹងទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ក៏ជាខួប៣ខែនៃការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដូច្នេះការសម្ពោធផ្លូវនេះ គឺជាថ្ងៃពិសេស ហើយជានិមិត្តរូបនៃ ការបន្តការអភិវឌ្ឍដែលមានស្រាប់។ ជានិមិត្តរូបនៃការបន្តពង្រឹងប្រទេសជាតិក្នុងស្ថានភាព សេដ្ឋកិច្ចរីកចម្រើនដែលបានកសាងពីមុនៗមក និងការបើកពង្រីកអភិវឌ្ឍន៍បន្ថែមទៀត។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រីថា ការដាក់សម្ពោធផ្លូវជាតិលេខ៥នេះ ក៏ជានិមិត្តរូបនៃការធ្វើទំនាក់ទំនង ជាមួយបណ្តាប្រទេសជាមិត្តផងដែរ ៕