ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យក្រុមហ៊ុនដឹកជញ្ជូនគោរពច្បាប់ កុំព្យាយាមប្រើយ័ន្តការពារ (ខ្នងបង្អែក)

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ជៀសវាងដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដបិទ តាមកញ្ចក់រថយន្ដ ព្រោះយ័ន្ដនោះ ជួយមិនបានឡើយ។

នាឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃ២២ វិច្ឆិកា សម្ដេចធិបតីរំលឹកថា កាលពីប្រជុំរវាងរដ្ឋាភិបាល-វិស័យឯកជន សម្ដេច បានសម្រេចអនុញ្ញាតដឹកក្នុងទម្ងន់ពី៤០ ទៅ ៤៥តោន ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូន អាចមានលទ្ធភាពដឹកលើសបន្តិច ដើម្បីកាត់បន្ថយចំណាយ ព្រោះមួយជើងអាចសន្សំថែម៥តោន ។

សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវត្រួតពិនិត្យមើល ឲ្យបានច្បាស់លាស់ អំពីការកំណត់ទម្ងន់ នៃការដឹកជញ្ជូននេះ ដើម្បីថែរក្សាផ្លូវថ្នាល់ ឲ្យប្រើប្រាស់បានយូរអង្វែង ដែលជាសមិទ្ធផលរួមទាំងអស់គ្នា ។

សម្ដេចធិបតី មានប្រសាសន៍ថា «ប៉ុន្តែអ្វីដែលសំខាន់ គឺបងប្អូនប្រជាពលរដ្ឋរបស់យើង អ្នកដែលមានឡានដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន កុំប្រើយ័ន្តខ្លាំងពេក យ័ន្ដបិទតាមកញ្ចក់នោះ ព្រោះយ័ន្ដហ្នឹងតែអនុវត្តតឹង ក៏អត់ជួយដែលយ័ន្ដហ្នឹង ។ ឥឡូវត្រូវពិនិត្យរួមទាំងអស់គ្នា ព្រោះអញ្ចេះពេលដែលយើងហៅ ឡានដឹកជញ្ជូនមកគាត់ថា គាត់ក៏ចង់ដឹកត្រូវដែរ ប៉ុន្តែឲ្យគេដឹកត្រូវគ្នាដែរ ដូចគ្នាទាំងអស់ គោរពទាំងអស់គ្នា»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីថែទាំផ្លូវថ្នូលឲ្យប្រើប្រាស់បានយូរ ហើយក្រសួងសាធារណការ ត្រូវធ្វើការជាមួយវិស័យឯកជន ដើម្បីមានដំណោះស្រាយ បញ្ហាដឹកលើសទម្ងន់នេះ ៕
រូបភាព ម៉ៅ ដារ៉ាត់

To Top