ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយបានចាត់តាំងកងកម្លាំងប្រមាណជា៥ពាន់នាក់ ដាក់តាមគោលដៅនានា។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានដាក់ចេញផែនការសំខាន់ៗមួយចំនួនទៀត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះមានចំនួនទូក និងកីឡាកើនឡើង បន្ទាប់ពិធីបុណ្យនេះខកខានប្រារព្ធចំនួន៣ឆ្នាំជាប់គ្នា។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់មេបញ្ជាការដឹកនាំគោលដៅ ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែង ដែលត្រូវការពារដើម្បីបែងចែកកម្លាំងការពារឲ្យមានការទទួលខុសត្រូវ និងពិនិត្យច្បាស់លាស់ទៅលើការប្រើប្រាស់កម្លាំង មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឲ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ឯកក៏ណែនាំឲ្យប្រើកម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅតំបន់ប្រារព្ធពិធី និងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវការចាំបាច់។ លោកក៏ណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញាដើម្បីទប់ស្កាត់អំពើលួចធ្វើយ៉ាងណាថែរក្សាទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ។ ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹង និងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចពេលមានបញ្ហាផ្សេងៗ។
លោកឧត្តមសេនីយ៍ឯកបន្ថែមថា ត្រូវសិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកម្លាំងដែលត្រូវបិទគោលដៅសំខាន់ៗត្រូវអនុវត្តឲ្យបានដោយម៉ឺងម៉ាត់មិនអនុញ្ញាតឲ្យមធ្យោបាយចូលក្នុងតំបន់ប្រារព្ធពិធី លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។ ដោះស្រាយការកកស្ទះចរាចរណ៍ទាំងនៅតាមច្រកចេញ-ចូលរាជធានីភ្នំពេញ ផ្លូវជាតិទាំង៦ខ្សែ និងការបញ្ចៀសចរាចរណ៍៕