ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១) មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីស្ពានព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣កំណាត់គឺ៖
- កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)៖ ប្រវែង ១៣៥,២៥គីឡូម៉ែត្រ ចាប់ផ្ដើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់
- កំណាត់ផ្លូវភាគកណ្តាល (ធ្លាម្អម-បាត់ដំបង)៖ ប្រវែង ១១០,៩០គីឡូម៉ែត្រ ចាប់ផ្ដើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
- កំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)៖ ប្រវែង ៨៤,៧៤គីឡូម៉ែត្រ ចាប់ផ្ដើមពីខេត្តបាត់ដំបង បន្តរហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវភាគកណ្តាល និងភាគខាងត្បូង តភ្ជាប់នឹងកំណាត់ផ្លូវភាគខាងជើងដែលបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការរួចរាល់ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន៕