ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា(NPIC) បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ តំណាងនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ។
លោក ប៊ុន ភារិន បានបញ្ជាក់ថា ការចុះធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា របស់គណៈប្រតិភូនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នាពេលនេះគឺដើម្បីសិក្សាស្វែងយល់អំពីកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់វិទ្យាស្ថាន NPIC នៅលើមុខជំនាញនីមួយៗ ជាពិសេសលើជំនាញ បច្ចេកទេស វិស្វកម្ម ដែលសិស្សនិស្សិតមិនត្រឹមតែសិក្សាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើការអនុវត្ត ជាក់ស្តែងតែម្តង ។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ប៊ុន ភារិន ក៏បានធ្វើបទឧទ្ទេសនាមដោយសង្ខេប អំពីប្រវត្តិរបស់វិទ្យាស្ថាន NPIC ជូនដល់គណៈប្រតិភូ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ រួមនិង ការចូលពិនិត្យមើលផ្ទាល់ នូវសកម្មភាពការពារគម្រោង និងប្រឡងបញ្ចប់វគ្គសិក្សា របស់សិស្សនិស្សិត តាមជំនាញទាំងអស់ ដែលមាន ចំនួនប្រមាណ ១៨០០នាក់ផងដែរ។
គួរបញ្ជាក់ថា វិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ជាគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈដ៏ធំនៅកម្ពុជា ដែលស្ថិតនៅ ក្រោមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ វិទ្យាស្ថាន NPIC កំពុងបណ្តុះបណ្តាលសិស្ស និស្សិតកម្ពុជា ចាប់តាំងពីថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិត C1, C2, C3 ថ្នាក់បណ្តុះបណ្តាលវគ្គខ្លី ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយបរិញ្ញាបត្រ ដែលរួមមានជំនាញជាច្រើនដូចជា វិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិក វិទ្យាសាស្រ្តអុបទិក វិស្វកម្មសំណង់ស៊ីវិលនិងស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិក និងទូរគមនាគមន៍ វិស្វកម្មមេកានិក រថយន្ត ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាន NPIC មានដៃគូសហការជាមួយវិស័យរដ្ឋ និងឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួន២២៦ ៕