ភ្នំពេញ៖ អង្គការយូនីសេហ្វប្រចាំកម្ពុជាបានសាទរនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកុមារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយនឹងចូលរួមជាមួយភាគីពាក់ព័ន្ធធ្វើយ៉ាងណាលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាបន្ថែមទៀត ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star របស់ប្រទេសម៉ាឡេសុី ។
កាសែតម៉ាឡេសុីដដែលនោះបន្ថែមថា ក្នុងថ្ងៃអបអរសាទរទិវា កុមារពិភពលោក ឆ្នាំ២០២៣ រយៈពេលបីថ្ងៃ ដែលបានប្រារព្ធជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា។ លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងនៅឆ្នាំនេះ យូនីសេហ្វ ប្រចាំកម្ពុជា នឹងបង្កើនសំឡេងរបស់កុមារ និងយុវជន ក្នុងនាមជាអ្នកស្វែងរកមតិគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
លោកថា៖ “ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ ប្រទេសកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹង សិទ្ធិកុមារ។ យូនីសេហ្វ មានការប្តេជ្ញាចិត្តពេញលេញ ក្នុងការដោះស្រាយ លើកកម្ពស់ សិទ្ធិ និងពង្រឹង សុខុមាលភាពរបស់កុមារដែលងាយរងគ្រោះបំផុត។”
លោកសង្កត់ធ្ងន់ថា ពិធីអបអរសាទរទិវា កុមារពិភពលោកឆ្នាំ២០២៣ នេះគឺជាសក្ដានុពល និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីគាំទ្រកុមារ និងយុវជននៅកម្ពុជា។ ក៏ប៉ុន្តែទិវានេះ ក៏រំលឹកឱ្យដឹងអំពីបញ្ហាប្រឈមដ៏ពិបាកៗដែលកុមារកំពុងជួបប្រទះ ដូចជាការរងគ្រោះពី កំណើននៃជម្លោះ និងគ្រោះមហន្តរាយបរិស្ថាន នៅទូទាំងពិភពលោកផងដែរ។
លោកបានបន្តទៀតថា៖« ទិវានេះ បានផ្ដល់ដល់យើងនូវ ឲ្យកាសដើម្បីបង្កើតភាពជាដៃគូថ្មី ៗ ជាមួយ បណ្ដាញយុវជន សិល្បករ និងអាជ្ញាធរមូលដ្ឋាន ដែលបានមករួមកម្លាំងគ្នា ដើម្បីលើកកម្ពស់ ការយល់ដឹង អំពីសិទ្ធិកុមារ។ តាមរយៈការចូលរួម និងបរិយាបន្ន យុវជន យើងទាំងអស់គ្នា ទទួលបាន ផលប្រយោជន៍ ពី សក្ដានុពលមិនគួរឱ្យជឿ របស់ពួកគេ ក្នុងនាមជា អ្នកបង្កើតការផ្លាស់ប្ដូរវិជ្ជមាន សម្រាប់អភិវឌ្ឍសង្គម» ។
ទិវាកុមារពិភពលោក គឺជាទិវាសកម្មភាព ជាសកលសម្រាប់កុមារ ដឹកនាំដោយកុមារ។ ទិវាកុមារពិភពលោករំលឹកអំពីការអនុម័ត អនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ១៩៨៩ ហើយប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញានេះ នៅឆ្នាំ១៩៩២។ យូនីសេហ្វ និងដៃគូ កំពុងអំពាវនាវឲ្យមានពិភពលោករួមគ្នាមួយ ដែលគ្មានការទុកកុមារណាម្នាក់ចោល ដែលសិទ្ធិរបស់ពួកគេត្រូវបានទទួលការការពារ និងសំឡេងរបស់ពួកគេត្រូវបានគាំទ្រដើម្បីឈានទៅសម្រេចបាននូវ អនាគតរបស់ខ្លួន៕