ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបើកកម្មវិធីផ្សព្វផ្សាយស្តីពី«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។
ការផ្សព្វផ្សាយនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយការប្រកាសដាក់ឱ្យអនុវត្តលើគម្រោងទាំងពីរនេះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។
កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិក ប.ស.ស. ថ្មីនេះនឹងអាចឱ្យពលរដ្ឋក្នុងមុខសញ្ញាប្រមាណ៥លាននាក់អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃដោយគ្រាន់តែបង់ថវិកា១៥៦០០រៀល ហើយបើបូកនិងរបបថែទាំសុខភាពតាមមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារងាយរងហានិភ័យដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ កម្ពុជានឹងអាចផ្តល់សេវាថែទាំសុខភាព បានដល់ប្រជាជនចំនួនប្រមាណជាង ៩លាននាក់នៅទូទាំងប្រទេស។
ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ គឺជាកម្មវិធីផ្តល់ឱ្យសិក្ខាកាមគោលដៅទាំងអស់ ឆាប់មានជំនាញបច្ចេកទេសមូលដ្ឋានមួយជាក់លាក់ដើម្បីឆាប់ទទួលបានការងារធ្វើដោយសមរម្យក្រោយការបណ្តុះបណ្តាលដែលនឹងធ្វើឡើងរយៈពេល៤ខែដោយទទួលបានប្រាក់ឧបត្ថម្ភទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែទៀតផង។
សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការប្រតិបត្តិលើកម្មវិធីថ្នាក់ជាតិទាំងពីរនេះ ជោគជ័យនៃកម្មវិធីផ្នែកថែទាំសុខភាព គឺបុគ្គលដែលជាគោលដៅអាចចុះឈ្មោះចូលជាសមាជិក ប.ស.ស. ដោយងាយស្រួល និងរលូន ជាពិសេសគឺទទួលបានអត្ថប្រយោជន៍អំពីការធានារ៉ាប់រងសុខភាពតាមក្តីប្រាថ្នា។
ដោយឡែកជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមិនមែនរាប់ត្រឹមពេលដែលយុវជន ជាគោលដៅបានមកចុះឈ្មោះរៀន មិនត្រឹមតែវគ្គបណ្តុះបណ្តាល បានដំណើរការ ហើយក៏មិនត្រឹមតែពេលយុវជនបានបញ្ចប់ការបណ្តុះបណ្តាលនោះទេ។ ជោគជ័យពិតប្រាកដ គឺត្រូវ សម្រេចឱ្យបាននូវបាវចនា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងណាឱ្យយុវជន«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»៕